(កំពង់ឆ្នាំង)៖ ប្រជានេសាទរស់នៅតាមទូកនេសាទតូចៗ នៅតាមបឹងទន្លេដាច់ស្រយាលឆ្ងាយៗពីទីប្រជុំជន ប្រកបមុខរបររកស៊ីនេសាទដាក់មងចងសន្ទូចជាលក្ខណៈគ្រួសារ បានចាំយ៉ាងច្បាស់អំពីថ្ងៃខែបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ ដោយពួកគាត់ប្រាប់ថា នឹងទៅបោះឆ្នោតគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ សន្យា អ្នកយកព័ត៌មានអង្គភាព Fresh News បានចុះទៅជួបសម្ភាសន៍ជាមួយប្រជានេសាទមួយចំនួន ដែលរស់នៅតាមទូកតូចៗក្នុងបឹងទន្លេសាប ដាច់ស្រយាលឆ្ងាយពីភូមិស្រុក ខណៈកំពុងមមាញឹកជាប់ដៃធ្វើការនេសាទដាក់មង និងចងសន្ទូច នៅក្នុងភូមិសាស្ត្រឃុំពោធិ៍ និងឃុំប្រឡាយមាស ស្រុកកំពង់លែង។

ក្រុមការងារអ្នកយកព័ត៌មាន បានសាកសួរពួកគាត់អំពីកាលបរិច្ឆេទ នៃថ្ងៃខែបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ថាតើពួកគាត់នៅចងចាំឬទេ ដោយសារតែពួកគាត់ជាប់រវល់ ធ្វើការនេសាទនៅតំបន់ឆ្ងាយៗ ពីភូមិស្រុករបស់ប្រជាពលរដ្ឋរស់នៅ។ ជាចម្លើយប្រជានេសាទទាំងអស់នោះភាគច្រើន មានការចងចាំយ៉ាងច្បាស់លាស់អំពីថ្ងៃបោះឆ្នោត ហើយនឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា។

ពួកគាត់ថា នឹងទៅបោះឆ្នោតគ្រប់ៗគ្នាមិនអាចអាក់ខានបានឡើយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី ដោយសារសម្តេចបាននាំមក សុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យមកដល់ពេលបច្ចុប្បន្ននេះ និងទៅអនាគតផងដែរ។ ពួកគាត់ក៏បានស្គាល់យ៉ាងច្បាស់ដែរថា គណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ហើយមានលេខរៀងទី១៨ទៀតផង៕