(ភ្នំពេញ)៖ បើតុលាការធម្មនុញ្ញថៃដកសិទ្ធិ លោក Pita មិនឱ្យធ្វើនាយករដ្ឋមន្ត្រី ឬរំលាយគណបក្សឆ្ពោះទៅមុខ ឬក៏ដល់រំលាយលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីឆន្ទៈអ្នកបោះឆ្នោតជាប្រជាជនថៃមែននោះ តើវាជាដំណើរការប្រជាធិបតេយ្យពេញលេញ ដែលអាមេរិក និងក្រុមសភាអាមេរិកចង់បានពិតមែនទេ? ហេតុអ្វីអាមេរិកមិនដែលហ៊ានលើកពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសថៃ?

នេះជាការចោទសួរជាសាធារណៈរបស់ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា (វ.ស.ក)។ លោកលើកឡើងថា បើគណបក្សឆ្ពោះទៅមុខ (MFP) និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រើយុទ្ធសាស្ត្រដដែលៗ «បាតុកម្មមហាជន» ចេញមកគំរាមស្ថាប័នតុលាការធម្មនុញ្ញ និងសមាជិកព្រឹទ្ធសភា ព្រមទាំងប្រកាសធ្វើបាតុកម្មទូទាំងប្រទេសថែមទៀតនោះ គឺឱកាសរបស់ លោក Pita ដើម្បីធ្វើនាយករដ្ឋមន្ត្រីរឹតតែផុយស្រួយ…។ តុលាការធម្មនុញ្ញថៃ មិនត្រឹមតែសម្រេចដកសិទ្ធិ លោក Pita ប៉ុណ្ណោះទេ ហើយបើថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លោក Pita នៅតែមិនអាចទទួលបានសំឡេងគ្រប់គ្រាន់នោះ តុលាការធម្មនុញ្ញ អាចនឹងពិចារណារំលាយគណបក្សឆ្ពោះទៅមុខ ជាមួយការរំលាយនូវលទ្ធផលបោះឆ្នោតទៅជាមួយគ្នាផងដែរ។

ករណីនេះក៏ធ្វើឱ្យ លោក សួន សេរីរដ្ឋា ចាប់អារម្មណ៍នឹងអ្វីដែលក្រុមសភាអាមេរិក កំពុងនាំគ្នាធ្វើច្បាប់មួយដាក់ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ថាកំពុងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា? លោកក៏បានចោទសួរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនៅកម្ពុជា ដែលក្នុងនាមជាអ្នកចូលរួមប្រកួតប្រជែងការបោះឆ្នោតផង និងជាអ្នកខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ដើម្បីធានានូវការបោះឆ្នោតមួយឱ្យប្រព្រឹត្តិទៅបានដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏កំពុងជំរុញឱ្យប្រជាជនចេញទៅបោះឆ្នោត ប្រើសិទ្ធិបោះឆ្នោតរបស់ខ្លួនឱ្យបានគ្រប់ៗគ្នានេះ! តើនេះឬ ដែលកំពុងបំផ្លាញដំណើរការប្រជាធិបតេយ្យ?

លោកបានបន្តថា៖ «ចុះក្រុមនយោបាយដែលអាមេរិកខ្លួនឯងគាំទ្រពីក្រោយ ដែលបង្កើតកំហុសខ្លួនឯង ប្រើល្បិចឈឺសាច់ ដើម្បីចាកចេញពីដំណើរការបោះឆ្នោត ហើយកំពុងឃោសនាមិនឱ្យប្រជាជនចេញទៅបោះឆ្នោត និងឱ្យគូសបំផ្លាញសន្លឹកឆ្នោតនោះ ម្តេចក៏ក្រុមសភាសហរដ្ឋអាមេរិក មិនហ៊ានចង្អុលចោទពួកអាយ៉ងនយោបាយខ្លួននេះថា ជាអ្នកបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា? តើប្រជាធិបតេយ្យមានន័យថា៖ ត្រូវតែអូសទាញ និងទប់ស្កាត់ប្រជាជនកុំឱ្យចេញទៅបោះឆ្នោត និងត្រូវតែគូសបំផ្លាញសន្លឹកឆ្នោតចោលមែនទេ?»

លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា «ភ្ជាប់ជាមួយស្ថានការណ៍នៅឯប្រទេសថៃវិញ! បើតុលាការធម្មនុញ្ញថៃ ដកសិទ្ធិលោក Pita មិនឱ្យធ្វើនាយករដ្ឋមន្ត្រី ឬរំលាយគណបក្សឆ្ពោះទៅមុខ ឬក៏ដល់រំលាយលទ្ធផលនៃការបោះឆ្នោតទាំងមូល ដែលកើតចេញពីឆន្ទៈអ្នកបោះឆ្នោតជាប្រជាជនថៃមែននោះ! តើវា ជាដំណើរការប្រជាធិបតេយ្យពេញលេញដែលអាមេរិក និងក្រុមសភាអាមេរិកចង់បានពិតមែនទេ»?

បន្ថែមពីនេះ លោកបានចោទសំណួរថា ហេតុអ្វីកន្លងមកក្រុមសភាអាមេរិក ឬក្រសួងការបរទេសអាមេរិក មិនដែលហ៊ានលើកពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ដែលរាប់តាំងពីសម័យកាលដេញលោក ថាក់ស៊ីន ចេញពីដំណែង ហើយរំលាយបក្ស និងធ្វើរដ្ឋប្រហារបន្តបន្ទាប់កន្លងមក? ហើយមូលហេតុអ្វី បានជាអាមេរិក និងក្រុមសភារបស់ខ្លួន នាំគ្នាមកធ្វើច្បាប់បញ្ច្រាស់ទិស ចោទប្រកាន់មកលើអ្នកការពារលទ្ធិប្រជាធិបតេយ្យ ការពារការបោះឆ្នោតនៅកម្ពុជា ថាជាអ្នកបំផ្លាញដំណើរការប្រជាធិបតេយ្យទៅវិញ?

លោក សួន សេរីរដ្ឋា បានបន្តថា គ្រប់សំណួរទាំងអស់ដែលលោកលើកឡើងនេះ សម្រាប់អាមេរិក និងក្រុមសភាអាមេរិក ដែលគិតអគតិមកលើកម្ពុជា គឺពិតជាគ្មានចម្លើយទេ! វាដូចអ្វីដែលពួកគេធ្លាប់ប្រើគ្រាប់បែកចង្កោមទម្លាក់លើដីកម្ពុជា សាងសោកនាកម្មលើប្រជាជនកម្ពុជាកន្លងមកដែរ គឺអាមេរិកមិនដែលទទួលស្គាល់នូវកំហុសរបស់ខ្លួន​ និងមិនដែលសុំទោសប្រជាជនកម្ពុជាមួយម៉ាត់ឡើយ៕