(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បាននាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេន ដល់ព្រះសង្ឃចំនួន៦ វត្តស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងលោកយាយលោកតាជាច្រើននាក់ ផងដែរ ។
លោក ជា អឿង បានពាំនាំនៅការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ ដូចលោកយាយលោកតាបានដឹងស្រាប់ហើយ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប្រជាជនទាំងអស់ ទទួលរងនូវទុក្ខវេទនាហើយថែមទាំងបំបាត់ចោលនៅទីវត្តអារាម ដែលប្រជាជនទូទាំងប្រទេស គោរពប្រតិបត្តិថែមទៀតផង។
លោកបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះពីរបបអាវខ្មៅ ហើយប្រជាជនទាំងមូលបានរស់សារជាថ្មីគឺនៅពេលនោះហើយ ដែលទីវត្តអារាមដែលជាកន្លែងគោរពបូជារបស់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋត្រូវបានស្ដារឡើងវិញ និងបង្កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេសមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋថែមទៀតផង។
លោកបានបញ្ជាក់ថា ទៀនព្រះវស្សាដែលមានទេយ្យទានជាច្រើននេះ យកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សា អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ បានព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំពុទ្ធបរិស័ទជាប់រវល់ធ្វើស្រែចំការរៀងៗខ្លួន។
លោកបន្តទៀតថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃនិងសាមណេបានរៀនធម៌និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
លោក ជា អឿង បានស្នើដល់ពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃត្រូវមានសាមគ្គីភាពគ្នាជាធ្លុងមួយ រវាងបុព្វជិតនិងក្រហស្ថដើម្បីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងខិតខំអភិវឌ្ឍន៍កសាងវត្តអារាម ឲ្យមានភាពរីកចម្រើនដើម្បីទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយឲ្យមកកាន់វត្តយើងនេះ ឲ្យកាន់តែច្រើនឡើងជឿជាក់លើព្រះពុទ្ធសាសនា ដែលនាំយើងមកទីសុខដ៏សមគួរ ធានារក្សាឲ្យបាននូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។
សូមបញ្ជាក់ថា ក្នុងមួយវត្តទទួលបានទៀនព្រះវស្សា១គូ ស្លាដក១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យ១លាន ២ សែនរៀលព្រមទាំងប្រគេនបច្ច័យព្រះសង្ឃក្នុង១អង្គ៥ម៉ឺនរៀលផងដែរ៕