(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២ឃុំបន្ថែមទៀត រួមមាន ឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៧ ឆ្នាំ២០២៣ ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសឲ្យឈានទៅមុខប្រកបដោយការអភិវឌ្ឍក្រោមម្លប់សុខសន្តិភាពជាបន្តបន្ទាប់ទៀត។
មិនខុសពីសព្វមួយដង លោក សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធី នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបន្តបង្ហាញពីវិធីគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន និងលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ តាមគន្លងនីតិរដ្ឋ ជាពិសេសការរំឮកឡើងវិញជូនប្រជាពលរដ្ឋលើឯកសារសំខាន់ៗ ដែលត្រូវតែមានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
នាឱកាសនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាល៤៤ឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែយើងនៅតែត្រូវការអភិវឌ្ឍបន្ថែមដើម្បីប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំនៅទីនេះតំណាងឲ្យគណបក្សប្រជាជនកម្ពុជាសូមជម្រាបថា យើងមិនល្អឥតខ្ចោះ តែនៅជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនល្អឥតខ្ចោះតែពឹងពាក់បានគ្រប់កាលៈទេសៈ ដោយមិនប្រកាន់គណបក្សណាឡើយ»។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍របស់ពុក ម៉ែ បងប្អូន ហើយតែងតែនៅជិតកៀកនឹងប្រជាពលរដ្ឋនៅពេលដែលត្រូវការ។
គួរជម្រាបថា ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ ស្រុក ខេត្តកំពង់ស្ពឺ និងសមាជិកគណបក្សប្រជាជនកម្ពុជាសរុបប្រមាណ៧០០នាក់៕