(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនព្រះវស្សា ទៅប្រគល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្ដចំនួន១៥ នៃស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។

ពិធីនេះ ធ្វើឡើងប្រគល់រួមគ្នា នៅក្នុងវត្ដព្រះតេជគុណ អនុគុណ ស្រុកភ្នំស្រុក និងជាគ្រូព្រះអធិការវត្ដត្រពាំងថ្ម ភូមិកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។

ក្នុងឱកាសប្រគល់ទៀនវស្សា ខាងលើនេះ ក៏មានការនិមន្ដព្រះចៅអធិការ វត្ដទាំង១៥ មកនិមន្ដទទួលនូវទៀនវស្សានេះ និងមានការចូលរួមពីពុទ្ធបរិស័ទ ចូលរួមប្រហែលជា៣០០នាក់។

លោក សេរី កុសល ក៏បានលើកឡើងអំពីដំណើរការពីអតីតកាល ពីភាពល្បីល្បាយនៃវត្ដត្រពាំងថ្ម ដែលពីអតីតកាលជាវត្ដមួយ ពូកែស័ក្ដិសិទ្ធិ ហើយក៏បានត្រូវបំផ្លាញ ដោយរបបកម្ពុជាប្រជាធិបតេយ្យ និងរៀបរាប់អំពីទីតាំងជាច្រើន នៅក្នុងវត្ដនេះផងដែរ។

ទន្ទឹមគ្នានេះ លោក សេរី កុសល បានបញ្ជាក់អំពីដំណើរការទន្ទឹមគ្នា រវាងពុទ្ធចក្រ និងអាណាចក្រ។ លោកថា នៅពេលប្រទេសក្នុងសម័យសង្គមរាស្ដ្រនិយម វត្ដអារាម ក៏រីកដុលដាល ហើយបើសិនជាប្រទេសជាតិ មានសង្គ្រាមវត្ដអារាម ក៏ត្រូវខ្ទេច។

លោក សេរី កុសល ក៏បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។

លោក សេរី កុសល ក៏បានលើកក្នុងអំឡុងពេកកូវីដ-១៩ ខាងពុទ្ធចក្រ ក៏មានការប៉ះពាល់ផងដែរ ដោយពុទ្ធបរិស័ទមិនអាច យកចង្ហានទៅប្រគល់ព្រះសង្ឃជាដើម។

ក្នុងឱកាសនោះ លោក សេរី កុសល បានពាំនាំនៅការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ។

លោក សេរី កុសល បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះពីរបបអាវខ្មៅ ហើយប្រជាជនទាំងមូល បានរស់សារជាថ្មី គឺនៅពេលនោះហើយ ដែលទីវត្តអារាម ដែលជាកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋត្រូវបានស្ដារឡើងវិញ និងបង្កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

លោក សេរី កុសល បានបញ្ជាក់ថា ទៀនព្រះវស្សា ដែលមានទេយ្យទានជាច្រើននេះ យកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សា អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន។

លោកបន្តទៀតថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនាជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព៕