(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា កម្ពុជាបានខិតខំយ៉ាងខ្លាំង ក្នុងការថែរក្សាចំណងមិត្តភាព រវាងអាស៊ាន និងចិន មិនឱ្យមានការប្រេះឆាដោយសារ បញ្ហាសមុទ្រចិនខាងត្បូង ហើយថាប្រទេសកម្ពុជា ក៏មិនចង់ឱ្យបញ្ហានេះរីករាលដាលកាន់តែធំនោះដែរ។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា គឺជាការឆ្លើយតបនឹងការចោទប្រកាន់នានា របស់សារព័ត៌មានបរទេស ដែលបានផ្សព្វផ្សាយរិះគន់ថា កម្ពុជាជាអ្នកធ្វើឱ្យរាំងស្ទះដល់ ការចេញសេចក្តីថ្លែងការណ៍ រួមរបស់អាស៊ានលើរបៀបវារៈបញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាថ្មីៗនេះ។

នៅក្នុងសន្និសីទកាសែតមួយ នៅក្រសួងការបរទេស នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប្រាក់ សុខុន បានជឿជាក់ថា បើអាស៊ានចេញដាក់របៀបវារៈបញ្ហាសមុទ្រចិនខាងត្បូង ទៅក្នុងសេចក្តីប្រកាសរួមនោះ បញ្ហាអាស៊ានទាំងមូល និងប្រទេសចិន នឹងកាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះកម្ពុជាគ្រាន់តែចង់រក្សាទំនាក់ទំនងអាស៊ាន-ចិន និង រក្សាភាពអព្យាក្រិតរបស់ខ្លួនប៉ុណ្ណោះ។

លោកថា « បើយើងដាក់អញ្ចឹង ក្នុងពេលដែលភាគីចិនបដិសេធយ៉ាងដាច់អហង្កា វានឹងកើតរឿងអី? គឺសភាពការណ៍អាចនឹងធ្ងន់ធ្ងរជាងហ្នឹងទៅទៀត អាចនឹងបង្កគ្រោះថ្នាក់ធំ ដល់តំបន់អាស៊ានទាំងមូល បើសិនជា បន្តជជេសដាក់បញ្ហានេះ»

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសរួចហើយថា កម្ពុជានឹងមិនចូលរួមគាំទ្រ ទៅនឹងសេចក្តីប្រកាសណាមួយជុំវិញ បញ្ហាសមុទ្រចិនខាងត្បូងនោះទេ។ ប្រទេសកម្ពុជា បានអំពាវនាវម្តងហើយម្តងទៀតថា ឱ្យភាគីពាក់ព័ន្ធនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហានេះដោយសន្តិវិធី។

នៅអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវ កាលពីដើមសប្តាហ៍នោះ កម្ពុជាក៏បានចូលរួមជំរុញដល់ការ ចេញសេចក្តីថ្លែងការណ៍រួម មិនឱ្យមានការរាំងស្ទះ ដោយសារតែការខ្វែងគំនិតគ្នា ក្នុងការដាក់បញ្ចូល សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ជុំវិញបញ្ហាជម្លោះដែនសមុទ្ររវាងចិន និងហ្វីលីពីន ទៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាននិយាយថា ប្រទេសកម្ពុជាបានព្យាយាមបញ្ចុះបញ្ចូល និងពន្យល់ប្រទេសជា សមាជិកអាស៊ានទាំងអស់ អំពីបញ្ហានេះហើយថាទីបំផុតប្រទេសហ្វីលីពីនខ្លួនឯងទៅវិញ គឺជាអ្នកសម្រេចឱ្យដករបៀបវារៈ សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ចេញពីកិច្ចប្រជុំរួម ដែលធ្វើអាស៊ានទាំងមូលអាចចេញ សេចក្តីថ្លែងការណ៍រួមមួយបាន។

លោកថា «គាត់បានប្រកាសខ្លួនគាត់ គាត់ទទួលស្គាល់ថា បញ្ហានេះគឺជាបញ្ហារវាងខ្លួនគាត់ និងចិន ហើយគាត់មិនបានសុំឱ្យអាស៊ានគាំទ្រគាត់ ក្នុងដំណើរការនេះនោះទេ ហើយគាត់សុំដកឃ្លា ដែលចែងអំពីតុលាការមជ្ឈតិកម្ម និងសេចក្តីសម្រេចរបស់តុលាការមជ្ឈតិកម្ម ចេញពីផ្នែកពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដោយខ្លួនឯងតែម្តង»

បើតាម លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជាហាក់បានពលីដើម្បីអាស៊ានទាំងមូលដែរ ដោយក្នុងនោះមានដូចជា៖

-  ទី១ បានរក្សាការពារនូវជំហរដ៏ត្រឹមត្រូវរបស់ខ្លួនដែលថាមិនកាន់ជើងខាងណា ហើយពិសេសបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបញ្ជៀសបញ្ហានៅសមុទ្រចិនខាងត្បូងនេះ កុំឱ្យធ្លាក់ទៅក្នុងភាពដុនដាប់ជាងនេះ តាមរយៈការសម្រុះសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នោះ។
-  ទី២ កម្ពុជាបានបញ្ជៀសកុំឱ្យទំនាក់ទំនងអាស៊ាន-ចិន នេះខូចខាតដោយសារតែប្រទេស២។
-  ទី៣ កម្ពុជាបានប្រកាន់យក និងរក្សាការពារបាននូវការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោរពគោលការណ៍គ្រឹះរបស់អាស៊ាន៕