(ភ្នំពេញ)៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ជឿង ហេឡែន និងក្រុមគ្រួសារចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក ដាមរី សមាជិករដ្ឋសភា នីតិកាលទី៦, តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអតីតអនុប្រធានទី១ សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:១៨នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ក្រុុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំពាមរាំង សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិ។
ទោះបីរូបកាយរបស់ឯកឧត្តម អ៊ុក ដាមរី បានបាត់បង់ទៅមែនពិត ប៉ុន្តែវីរភាព កិត្តិយស សេចក្ដីថ្លៃថ្នូរភាពអំណត់តស៊ូក្នុងការងារនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តភរិយា កូន ចៅ មិត្តភក្តិរួមការងារ និងញាតិជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
យេីងខ្ញុំទាំងអស់គ្នា ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំពាមរាំង សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តម អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕