(កំពង់ឆ្នាំង)៖ លោកស្រី ទិត មាលា ញាណឡេង អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំច្រេស នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានានៅក្នុងវត្តចំប៉ី ស្ថិតក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តចំប៉ីនេះ ក៏មានការចូលរួមពីលោកឧត្តមសនីយ៍ទោហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្ម កងអង្គរក្ស និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមានការនិមន្តពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីសង្ឃ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនចូលរួមផងដែរ។
លើកឡើងនាឱកាសនោះ លោកឧត្តមសនីយ៍ទោ ហាក់ ងួនឈាង បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០៣ បន្តរហូតមកលោក ញាណ ឡេង និងលោកស្រី ទិត មាលា ញាណឡេង រួមជាមួយព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណ:កម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តបន្តកសាងសមិទ្ធិផលនានា ជាច្រើនរួមមាន សាលាធម្មសភា ឧបដ្ឋានសាលា កុដិ របងជុំវិញវត្ត រោងដាំបាយ ជីកស្រះបន្ថែម ចាក់បេតុងផ្លូវក្នុងបរិវេណវត្ត ដងទង់ និង ដាំកូនឈើក្នុងបរិវេណវត្ត។
សមិទ្ធិផលទាំងនេះកើតឡើងពីសទ្ធាជ្រះថ្លារបស់លោក ញាណ ឡេង និងលោកស្រី ទិត មាលា ព្រមទាំងក្រុមគ្រួសារ គោលបំណងចង់ទីវត្តអារាមយូរអង្វែងមួយនេះប្រែក្លាយទៅជាទីវត្តអារាមអភិរក្សវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងសាសនា ទុកជាកេរ្តិ៍ដំណែលសំរាប់អ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ។ នៅឆ្នាំ២០១៨កន្លងទៅបាន ផ្តួចផ្តើមអភិរក្សដោយកែលំអរព្រះវិហារដែលមានអាយុកាលយូរនេះ ជាព្រះវិហារបែបបុរាណ ទាំងរចនាបទ និងគំនូ ហើយបានសាងសង់ ប្រមាណជាង៨០ភាគរយផងដែរ។
នាឱកាសនោះលោកស្រី ទិត មាលា បានឱ្យដឹងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់អភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រោះថាព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសង្គមផងដែរ។
លោកស្រី ទិត មាលា បានអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីថែមទៀតក្រោមម្លប់សន្តិភាព។ ត្រូវបន្តចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិ ភាពនិងសូមអញ្ជើញប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់នូវឯកសារតាមច្បាប់។
ព្រះអង្គ ប៉ុន សោម ព្រះចៅអធិការវត្តចំប៉ី ក៏មានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកស្រី ទិត មាលា ញាណ ឡេង អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងក្រុមគ្រួសារ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយដែលបានចំណាយថវិកាអភិវឌ្ឍន៍ទីអារាមវត្តចំប៉ី។ ព្រះអង្គក៏បានចម្រើនពរដល់សប្បុរសជនទាំងអស់សូមមានសុខភាពល្អជន្មាយុយឺនយូរ និងជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញាណក្ខន្ធលោកអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ញាណ ឡេង ជាស្ថាបនិកវត្តចំប៉ី សូមបានមហាកុសលទៅកាន់ទីបរមសុខកុំបីអាក់ខានឡើយ៕