(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ដល់បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារក្នុងវិស័យឯកជនតាមក្រុមហ៊ុននានា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយ បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
ការថ្លែងណែនាំរបស់លោក ប៉ែន កុសល្យ ក្នុងឱកាសដែលលោកចុះជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ដែលប្រើការងារនៅក្រុមហ៊ុនអូរស្មាច់រុីសត និងក្រុមហ៊ុនរ៉ូយ៉ាល់ហ៊ៀលរុីសត មានទីតាំងនៅច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងប្រាប់បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ទាំងអស់ ពីផលប្រយោជន៍នៃគោលនយោបាយ៨ចំណុចរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលជាគោលនយោបាយបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋខ្មែរ។
លោក ប៉ែន កុសល្យ ក៏បានថ្លែងលើកឡើងពីផលប្រយោជន៍ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងផ្តល់ជូនបងប្អូនបុគ្គលិក កម្មករ និយោជិត ក្នុងវិស័យឯកជនរួមមាន៖
*ទទួលបានរបបធានារ៉ាប់រងសង្គម គឺបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ផ្នែកហានិភ័យការងារ គឺទទួលបានការព្យាបាលដោយមិនអស់ថវិកា ការបង់វិភាគទានគឺជាកាតព្វកិច្ចរបស់និយោជក។ ផ្នែកថែទាំសុខភាព ទទួលបានការពិនិត្យដោយមិនអស់ថវិកា ការបង់វិភាគទានជាកាតព្វកិច្ចរបស់និយោជក ផ្នែកសោធននិវត្តន៍ គឺកម្មករ និយោជិត ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលពួកគាត់មានអាយុ៦០ឆ្នាំ ការបង់វិភាគទានគឺកម្មករ-និយោជិត២% និងនិយោជក២%។
*ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ។
លោកក៏បានថ្លែងប្រាប់ បុក្គលិក កម្មករ និយោជិតពីជំហររបស់កណបក្សប្រជាជនកម្ពុជា ដែលបានខិតខំកៀរគរឱ្យបរទេសចូលមកវិនិយោគនៅកម្ពុជា ខុសពីបក្សប្រឆាំងដែលតែងតែសុំឱ្យបរទេសផ្តាច់ជំនួយ និងដាក់ទណ្ឌកម្ម លើកម្ពុជា តែបើបរទេសធ្វើតាមសំណូមពររបស់ពួកបក្សប្រឆាំង អ្នកដែលរងផលប៉ះពាល់គឺបងប្អូន បុគ្គលិក កម្មករ និយោជិតនេះឯង។ ស្របពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាកចំនួន៣ថ្ងៃគឺថ្ងៃទី២២-២៣-២៤ ខែកក្កដា សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា៕