(ព្រះវិហារ)៖ លោក វុធ តារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត និងលោក ជូ តុងអាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជាំក្សាន្ត រួមជាមួយក្រុមការងារនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងឃុំស្រអែម ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយ ជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះលោក វុធ តារ៉ា និងលោក ជូ តុងអាន បានថ្លែងប្រាប់ប្រជាពលរដ្ឋពីតម្លៃនៃសន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹក ឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវឱ្យសមាជិកគណបក្សអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប សញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
លោកក៏បានក្រើនរំលឹកដល់សមាជិកគណបក្សឱ្យត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។
ជាមួយគ្នានេះលោក វុធ តារ៉ា និងលោក ជូ តុងអាន ក៏បានថ្លែងជម្រាបដល់សមាជិកគណបក្សទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាសព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿ ចាញ់បោកទង្វើទុច្ចរិតរបស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ លោកថ្លែងថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងគូសសន្លឹកឆ្នោតបានត្រឹមត្រូវល្អ ព្រមទាំងបានប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខគ្រប់ៗគ្នា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕