(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចុះបង្រៀនអាជីវករក្នុងផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ក្នុងឱកាសជួបជាមួយអាជីវករ លោក អ៊ុន ចាន់ដា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព និងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។

ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម តាមមូលដ្ឋានឃុំសង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវត្រូវបានអភិវឌ្ឍន៍មានដូចជា៖ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធិផលនានា ជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យបងប្អូនអាជីវករផ្សារធំ និងផ្សារសាមគ្គីទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតបងប្អូនផងដែរ។

ជាមួយគ្នានេះ អាជីវករផ្សារធំ តាមរយៈលោកអ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយជួសជុល សាងសង់ដំបូលផ្សារ ឱ្យពួកគាត់ងាយស្រួលក្នុងការប្រកបអាជីវកម្ម។

ទន្ទឹមនោះពួកគាត់ក៏បានប្ដេជ្ញា និងទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសជាតិ បន្តការអភិវឌ្ឍន៍លើគ្រប់វិស័យទៅមុខទៀតផងដែរ៕