(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពផ្លូវបេតុងថ្មីនៅសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន ខណៈដែលផ្លូវជាច្រើនខ្សែត្រូវបានស្ថាបនារួចរាល់ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
លោក ងួន រតនៈ បានថ្លែងថា ផ្លូវបេតុងជាច្រើនខ្សែដែលបានសាងសង់រួចកាលពីពេលថ្មីៗនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជា សំណូមពររបស់ប្រជាពលរដ្ឋ ដោយប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។
លោកបន្តថា «ផ្លូវដែលស្ថាបនាថ្មីទាំងអស់នេះ នឹងសម្រួលដល់ការធ្វើដំណើរ ធានាបាននូវសុខសន្តិភាព ងាយស្រួលក្នុងការទៅចូលរួមឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិការទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆាប់ៗខាងមុខនេះ»។
លោក ងួន រតនៈ ត្រូវបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជីករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយពួកគាត់អបអរសាទរ និងសប្បាយរីករាយចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋ និងអាជីវករ ក្នុងសង្កាត់អាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូទាំងអស់សម្ដែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ហើយពួកគាត់ប្ដេជ្ញាចិត្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរើកចំរើនជាបន្តទៀត៕