(ភ្នំពេញ)៖ ក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសរសេរឡើងដោយជនជាតិអាម៉េរិកឈ្មោះ ជីន សាប ដែលក្រុមបក្សប្រឆាំងនានា នៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផង យកមកប្រើដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រ នយោបាយរបស់មហាអំណាច បានចង្អុលបង្ហាញចំៗថាបញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោត គឺជាឱកាសមាសសម្រាប់បង្កចលាចល និងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។
ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែនជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។
ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំង និងជនបរទេសមួយចំនួនដែលប្រើឋានៈជាអ្នកកាសែតស៊ីប្រាក់កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើតាមអង្គការសង្គមស៊ីវិលមួយចំនួន រួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេស តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវទុច្ចរិតតាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។
ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍នៅកម្ពុជាខុសពីការពិត។ អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាមកំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស» ជាដើម។
ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុងដំណើរការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីជារឿងទាំងនេះជាការប្រឌិតឡើង ព្រោះនេះជាល្បិចកលដែលក្រុមប្រឆាំងបង្កើតឡើងតាមទ្រឹស្តី ជីន សាប សំដៅដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនៅអំឡុងពេលមានការបោះឆ្នោតក្នុងប្រទេសមួយ។ ម្យ៉ាងទៀត នេះក៏ដើម្បីទាញទម្លាក់នូវតម្លៃនៃការបោះឆ្នោត និងទាញទម្លាក់តម្លៃនៃជ័យជម្នះរបស់គណបក្សដែលឈ្នះឆ្នោតដែលមិនមែនជាគណបក្សរបស់ខ្លួន។
គោលដៅសំខាន់ដែលពួកគេប្រើប្រាស់វោហាសាស្ត្រទាំងនេះគឺដើម្បីបំភ័ន្តប្រជាពលរដ្ឋឱ្យយល់ថាសង្គមដែលពួកគាត់កំពុងរស់នៅគឺអាក្រក់ដូចភាសាដែលពួកគេនិយាយ និងអាងពួកគេចាប់យកឱកាសដើម្បីបង្កើតចលាចលសង្គម បំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំតែម្តង។ ការបោះឆ្នោតឆ្នាំ២០១៣ និងព្រឹត្តិការណ៍ដែលកើតឡើងជុំវិញការបោះឆ្នោតកន្លងទៅ ព្រមទាំងចរិតនៃការតវ៉ាបែបហិង្សារបស់ក្រុមខ្មោចគណបក្សសង្គ្រោះជាតិ ទាំងអស់នេះគឺជាភស្តុតាងយ៉ាងច្បាស់នៃផែនការបដិវត្តន៍ពណ៌ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា។
នៅឆ្នាំ២០២៣ នេះ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់រួមនឹងក្រុមជនបរទេសស៊ីឈ្នួលបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយមហាអំណាចនៅតែបង្ហាញចរិតដដែលជា ដដែលចេញមកដោយព្យាយាមលាបពណ៌ខុសពីការពិតអំពីភាពភ័យខ្លាចរបស់ ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត, ការបោះឆ្នោតក្លែងក្លាយដោយសារតែគ្មានបក្សភ្លើងទៀន និងបានញុះញង់ប្រជាពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោល។
ដរាបណា គណបក្សប្រជាជនកម្ពុជានៅតែឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ទោះបីជាក្រុមប្រឆាំងជ្រុលនិយមទាំងជនជាតិខ្មែរមួយចំនួន និងបរទេស នឹងមិនអាចនិយាយថាការបោះឆ្នោតនៅកម្ពុជាធ្វើបានយ៉ាងត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះឡើយ ហើយក៏នឹងមិនទទួលស្គាល់ថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាមានជីវិតរស់រវើកនិងសកម្មដែរ ព្រោះពួកគេនឹងលែងមានហេតុផលដើម្បីចិញ្ចឹមចលនានយោបាយបញ្ឆេៈកំហឹង។ លើសពីនេះ ប្រសិនបើពួកគេមិនញុះញង់ និងលាបពណ៌កម្ពុជាអាក្រក់ទេ ក៏ពួកគេនឹងមិនអាចទទួលបានជំនួយថវិកាដើម្បីធ្វើការ និងបានប្រាក់ខែដែរ។ ដូច្នេះពួកគេត្រូវតែប្រឌិតគ្រប់រឿងដើម្បីបម្រើផលប្រយោជន៍បុគ្គលនិងក្រុមបក្ខពួកខ្លួន បម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិត។
យុទ្ធនាការលាបពណ៌កម្ពុជា និងការបំផ្លាញការបោះឆ្នោតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅឆ្នាំ២០២៣ នេះ នឹងមិនទទួលបានជោគជ័យឡើយ ព្រោះស្ថានភាពជាក់ស្តែងខុសពីអ្វីដែលពួកគេប៉ាន់ស្មាន ដោយឈរលើមូលដ្ឋាននៃព័ត៌មានមិនពិត និងការវាយតម្លៃសភាពការណ៍មិនត្រូវ។ ទោះបីជាពួកគេខំស្រែករហូតដល់ស្លាប់ ក៏បានត្រឹមតែស្រែក គ្មានបានផេះកណ្តាលចង្ក្រានអ្វីឡើយ។
ពលរដ្ឋកម្ពុជាគ្មានការភ័យខ្លាចឡើយ គ្មានក្រុមជនក្បត់ជាតិ និងក្រុមជនចង្រៃជាតិដើរញុះញង់ ពលរដ្ឋខ្មែររស់ក្នុងភាពសុខសាន្ត។ ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ ក៏បានបង្ហាញពីភាព ចាស់ទុំនយោបាយរបស់កម្ពុជា និងការគ្រប់គ្រងដំណើរការនីតិវិធីកាន់តែល្អប្រសើរខ្លាំងឡើយ។ បោះឆ្នោតឆ្នាំ ២០២៣ ពលរដ្ឋគ្មានទុក្ខភ័យ រាំលេងសប្បាយ និងចាត់ទុកថាជាកម្មវិធីបុណ្យសប្បាយៗ។ មិនដូចកាលពីឆ្នាំ ១៩៩៣ ឬ ១៩៩៨ ដែលក្រុមជ្រុលនិយមបានដើរបំភ័យប្រជាពលរដ្ឋ រហូតដល់ទិញអង្ករ ស្ករ ប៊ីចេង ត្រីងៀត ត្រីខកំប៉ុងមករក្សាទុកឡើយ។
បោះឆ្នោតឆ្នាំ ២០២៣ លទ្ធិប្រជាធិបតេយ្យកម្ពុជាកាន់តែរឹងមាំ គ្រប់ច្រកល្ហក ពលរដ្ឋខ្មែរសប្បាយរីករាយ និងរាំលេងសប្បាយជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលដើរឃោសនា, ពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិតធម្មតា, សិស្សានុសិស្សនិស្សិតទៅសិក្សាធម្មជាតិ, អ្វីៗដំណើរការជាប្រក្រតី។ នេះជាដំណើរការប្រក្រតីភាពរបស់កម្ពុជា។ ដូច្នេះការប្រើវោហាសាស្ត្ររបស់ក្រុមជ្រុលនិយម និងពួកបរទេសស៊ីឈ្នួលអនុវត្តផែនការភូមិសាស្ត្រនយោបាយមួយចំនួនគ្មានការពិតឡើយ ហើយក៏គួរឱ្យអស់សំណើចនិងពោរពេញដោយការអាណិតទៅវិញទេដែលក្រុមជនជ្រុលនិយមធ្វើនយោបាយក្នុងអតីតកាល។
ពលរដ្ឋខ្មែរមិនជឿការធ្វើនយោបាយបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមឡើយ និងកុំព្យាយាមលាបពណ៌អាក្រក់ពីកម្ពុជា ទៀតព្រោះពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់រួចហើយថាកម្ពុជាយ៉ាងណា និងដំណើរការបោះឆ្នោតនៅកម្ពុជាធ្វើបានល្អកម្រិតណា។ សូមកុំបន្តធ្វើនយោបាយក្នុងការយល់សប្តិ និងក្នុងអតីតកាល! តាមពិតអ្នកដែលភិតភ័យគឺក្រុមប្រឆាំងជ្រុលនិយមទៅវិញទេ ដែលនាំគ្នាប្រព្រឹត្តខុសច្បាប់ និងដេកភ័យនឹងការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច!
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣