(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺ និងច្រានចោលករណីចែកចាយលើបណ្ដាញសង្គមថា មានករណីដេញប្លន់ដល់ក្នុងបុរីមួយនៅក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្ដីបំភ្លឺនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ហេតុការណ៍ដែលបានចែកចាយតាមបណ្ដាញសង្គមនោះ មិនមែនជាការពិតឡើយ ហើយក៏មិនមែនជាករណីដេញប្លន់នោះដែរ។ ករណីនេះ សមត្ថកិច្ចអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលើស្ដ្រីម្នាក់ ពាក់ព័ន្ធបណ្ដឹងអំពើលួច (ប្រាក់) របស់សាលាដំបូងខេត្ដកណ្ដាល។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ»៕