(កណ្ដាល)៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ យុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ បានរួមដៃគ្នាចេញដង្ហែក្បួនឃោសនានៅទូទាំងប្រទេស។

នៅក្នុងឱកាសនោះ គេសង្កេតឃើញពីឱឡារឹកភាពរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានដង្ហែក្បួនយ៉ាងផុសផុល ល្បីកក្រើកទូទាំងខេត្ត ជាមួយនឹងស្នូរសម្លេងឃោសនស័ព្ទយ៉ាងមុតស្រួច ហាក់បង្ហាញពីភាពអអាងក្លាហាន និងភាពច្បាស់លាស់នៃគណបក្សប្រជាជនកម្ពុជា។

ផ្ដើមដំបូងពីការជួបជុំនៅក្រុងតាខ្មៅ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៦ពាន់នាក់ រួចមកបានដង្ហែចេញទៅតាមបណ្ដាសង្កាត់ទាំងអស់ដែលមានសមាជិក សមាជិកាសរុបទាំងអស់ហែហមជាក្បួន មានទាំងការប្រគុំតន្ត្រី ការស្រែកហ៊ោរកញ្រ្ជាវ សប្បាយរីករាយ ស្រែកជ័យឃោស ជាមួយនឹងស្នាមញញឹមរាក់ទាក់ពីពលរដ្ឋឈរអមសងខាងផ្លូវចាំទទួលស្វាគមន៍ ដែលមើលទៅហាក់មានអស្ចារ្យខ្លាំងណាស់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា ទូទាំងប្រទេស ក្នុងនោះដែរ ខេត្តកណ្ដាលតហរូវបានកត់សំគាល់ថាមានភាពលេចធ្លោផងដែរ ពិសេសក្រុងតាខ្មៅល្បីកក្រើកជាងគេ ដែលពិធីដង្ហែដឹកនាំលិកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល៕