(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងអបអរសាទរចំពោះក្រុម ហាជ្ជីកម្ពុជា៨៨នាក់ ដែលបានបំពេញកាតព្វកិច្ចហាជ្ជីដោយជោគជ័យ ហើយវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ជើងទី២ បន្ទាប់ពីក្រុមហាជ្ជីផ្លូវការឧបត្ថម្ភ ដោយព្រះចៅសាល់ម៉ាន ពិន អាប់ឌល់អាហ្ស៊ីស ព្រះមហាក្សត្រអារា៉ប៊ីសាអូឌីត បានវិលត្រឡប់កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា សាសនិកឥស្លាមកម្ពុជា ដែលបានអញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅឆ្នាំ២០២៣នេះ បានកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២២។

លោកបន្តថា ការកើនឡើងនេះ ដោយសារសព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅ របស់ខ្លួន ឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើង នៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្រាប់ឆ្នាំ២០២៣នេះ មានសាសនិកឥស្លាមកម្ពុជា ចេញទៅធ្វើបុណ្យហាជ្ជី ចំនួនជិត១ពាន់នាក់ ក្នុងម្នាក់ៗចំណាយប្រមាណ៧,៥០០ដុល្លារ ដោយក្នុងនោះទៅតាមរយៈសមាគមអង្គការនានា ចំនួន៣០នាក់ ក្រោមព្រះរាជឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ២០នាក់ និងទៅតាមរយៈឯកជនចំនួន ៩២៧នាក់។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោកពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕