(ភ្នំពេញ)៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានទទួលមរណភាព កាលពីវេលាម៉ោង ០៥៖១៨ នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ៧០ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម អ៊ុក ដាមរី គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរៀងរហូតមក។

ឯកឧត្តម អ៉ិត សំហេង សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពឯកឧត្តម អ៊ុក ដាមរី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ១២៦-១២៨ រុក្ខវិថីអេកូសាន់រាយ ស្ថិតក្នុងបុរីប៉េងហ៊ួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕