(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានឲ្យដឹងថា អាស៊ានខិតជិតឲ្យជប៉ុនក្លាយដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពោលបើគ្មានអ្វីប្រែប្រួលទេ ការប្រកាសបង្កើត នឹងត្រូវធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣។

លោក គង់ ភោគ បានឲ្យដឹងបែបនេះ ពេលធ្វើសេចក្តីរាយការណ៍នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អំពីលទ្ធផលនៃការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ឯកភាព និងប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ក្នុងឱកាសកិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៦ នៅខែកញ្ញាខាងមុខ»

សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។

ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។

អាមេរិក និងឥណ្ឌា ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន កាលពីឆ្នាំ២០២២។ នេះបើតាមលោក គង់ ភោគ ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធភាព នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក៕