(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៣ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៣៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣០ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

បើតាមយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២០លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្ដីពីការពង្រឹងរបៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

* ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានអត្រាអ្នកមានការងារធ្វើខ្ពស់ នៃកម្លាំងពលកម្មសរុប។ ភាពជោគជ័យរួមមានការបង្កើតទីផ្សារការងារដែលមានភាពធន់ និងទទួលបានប្រាក់ចំណូលខ្ពស់ ក្នុងលក្ខខណ្ឌការងារកាន់តែល្អប្រសើរសម្រាប់ប្រជាជន ដោយផ្ដោតលើការពង្រឹងសុខុមាលភាពរបស់កម្មករនយោជិតនៃប្រព័ន្ធសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ គិតត្រឹមឆ្នាំ២០២២ ជនមានពិការភាពបំពេញការងារក្នុងស្ថាបន័រដ្ឋមានចំនួន៣៧ បានកើនឡើង២% បើធៀបនឹងឆ្នាំ២០២០ ខណៈដែលសហគ្រាសឯកជនចំនួនជាង២០០ បានផ្ដល់ការងារដល់ជនមានពិការភាព។

* អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពាក់កណ្ដាល មកសល់ត្រឹម១៦ ភាគរយ នាពេលបច្ចុប្បន្ន។ ដើម្បីពង្រឹងភាពធន់ក្នុងមូលដ្ឋាន ក្នុងបរិការណ៍ការងើបឡើងវិញក្រោយជំងឺរាតត្បាត និងការធាក់ថយនៃសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះ បានដាក់ចេញនូវគម្រោងគាំទ្រជាច្រើន ក្នុងនោះរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ការលើកលែងពន្ធដល់វិស័យដែលប៉ះពាល់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការនី ដែលព្យួរការងារ។

* ដើម្បីធានាដល់ការទទួលបានយុត្តិធម៌និងកិច្ចគាំពារផ្នែកច្បាប់ ដោយស្របតាមច្បាប់សម្រាប់ជនងាយរងគ្រោះ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈមេធាវី អង្គការមិនមែនរដ្ឋាភិបាល និងគ្លីនិកច្បាប់ជាច្រើនផ្ដល់សេវាពិគ្រោះយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ។ គណៈមេធាវីកម្ពុជា បានជួយដោះស្រាយបញ្ហារាប់ពាន់ករណីដែលពាក់ព័ន្ធអនីតិជន ស្ត្រី និងជនក្រីក្រ។ ក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោនាយករដ្ឋមន្ត្រី មានវត្តមាននៅគ្រប់មូលដ្ឋានទូទាំងប្រទេស បានផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រឈមនឹងនីតិវិធីច្បាប់ បន្ថែមលើការគាំទ្រផ្នែកច្បាប់ដល់ក្រុមងាយរងគ្រោះ។

* ក្នុងនាមជារដ្ឋភាគីទៅនឹងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងស្ត្រី និងកុមារី ទន្ទឹមនឹងកិច្ចខិតខំលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងសិទ្ធិអំណាចស្ត្រីក្នុងគ្រប់អន្តរវិស័យ។ រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានជាបន្តបន្ទាប់ក្នុងកិច្ចការពារសុខុមាភាពនិងសិទ្ធិស្ត្រីនិងកុមារ ក្នុងទិសដៅធានាឱ្យបានបរិយាកាសប្រកបដោយកិច្ចគាំទ្រនិងលូតលាស់សម្រាប់ទាំងអស់គ្នា។

* ដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនចំណាកស្រុក គោលនយោបាយ កម្មវិធី និងផែនការយុទ្ធសាស្ត្រជាច្រើនបានដាក់ចេញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រទេសទទួលជនចំណាកស្រុក ដើម្បីធានាថា សិទ្ធិកម្មករនយោជិតកម្ពុជានៅក្រៅប្រទេស ទទួលបានកិច្ចការពារ និងលើកកម្ពស់។

* ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងជារដ្ឋភាគីទៅនឹងពិធីសារស្ដីពីការបង្ការ បង្ក្រាប និងដាក់ទណ្ឌកម្មអំពើរជួញដូរមនុស្ស ជាពិសេស ស្ត្រីនិងកុមារ កម្ពុជាខិតខំដោះស្រាយករណីជួញដូរមនុស្សដោយផ្ដោតលើសសរស្ដម្ភ «បង្ការនិងប្រយុទ្ធប្រឆាំង គាំពារនិងការផ្ដល់ជំនួយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ»។ ជាងនេះទៅទៀត កម្ពុជានិងប្រទេស និងដៃគូនានា បានចុះកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សារណៈយោគយល់គ្នាជាច្រើន ដើម្បីផ្ដល់ជំនួយផ្នែកច្បាប់និងទៅវិញទៅមក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើរជួញដូរមនុស្ស និងការផ្ដល់ជំនួយដល់ជនរងគ្រោះ។

* បើទោះខ្លួនជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជាបានបន្តរួមចំណែកប្រកបដោយសង្គតិភាពក្នុងការកាត់បន្ថយបញ្ហាអាកាសធាតុ។ ជាប្រទេសទីមួយក្នុងតំបន់អាស៊ាន និងទីពីរនៃប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាបានដាក់របាយការណ៍ស្ដីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០ ជូនទៅអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដោយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់មកត្រឹម៤២% ត្រឹមឆ្នាំ២០៣០។

* លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ ដែលសរបញ្ចាក់តាមរយៈ ក្នុងនោះរួមមាន តួនាទីដ៏រស់រវើកប្រកបដោយភាពស្ថាបនានៃអង្គការមិនមែនរដ្ឋាភិបាលចំនួន៦០០០ និងអង្គភាពព័ត៌មានជាង២០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការត្រួតពិនិត្យឬរឹតត្បិត ដែលបានរួមចំណែកក្នុងការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។ ជាងនេះទៅទៀត គណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខ ដែលនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់នៃបរិយាកាសពហុបក្សនិងប្រជាធិបតេយ្យ ដែលធានាដោយរដ្ឋធម្មនុញ្ញ កម្ពុជា។

* កម្ពុជាផ្ដល់អាទិភាពខ្ពស់ចំពោះតួនាទីនៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរីរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពរស់រវើកនិងប្រកបដោយថាមវ័ន្ត។ ការគ្រប់ដណ្ដប់នៃសេវាទូរស័ព្ទចល័តខ្ពស់ ដែលមានតម្លៃទាបជាងគេបំផុតក្នុងតំបន់ បានពង្រឹងសិទ្ធិអំណាចពលរដ្ឋទូទៅដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចការសាធារណៈ។ សំឡេងរបស់ពួកគេត្រូវបានបន្លឺបន្ទរបន្ថែមដោយអង្គភាពសារព័ត៌មានទាំងប្រពៃណីនិងឌីជីថលជាង២០០០ ដោយគ្មានការត្រួតពិនិត្យ ធានាដោយច្បាប់ស្ដីរបបសារព័ត៌មាន។

* ការផ្ដល់ព័ត៌មានមិនពិតនិងការបំភ្លៃព័ត៌មាន ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិ និងវិស័យដទៃទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុដូចនេះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដោយសហការជាមួយភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល រួមមាន យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការដាក់ចេញឯកសារណែនាំនានាសម្រាប់អ្នកកាសែត និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដោះស្រាយការផ្ដល់ព័ត៌មានមិនពិតនិងការបំភ្លៃព័ត៌មាន ព្រមទាំងពង្រឹងការជឿទុកចិត្តក្នុងប្រពន្ធផ្សព្វផ្សាយ និងធានាការផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានដល់សាធារណជន។

* ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ការពង្រឹងសាមគ្គីភាពអន្តរជាតិមានសារៈសំខាន់ចាំបាច់ណាស់ដល់ការលើកកម្ពស់សុខសន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិបត្តិការ ការគាំទ្រគ្នាទៅវិញទៅមក និងទំនួលខុសត្រូវរួមក្នុងចំណោមបណ្ដាប្រជាជាតិ។ ក្នុងស្មារតីនេះ ធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសពង្រាយកងកម្លាំងរក្សាសន្តិភាពជាង ៩០០០ នាក់ ក្នុងនោះកងកម្លាំងជាស្ត្រីមានចំនួន៧២២ រួមចំណែក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩។

* ការតាំងខ្លួនថាមានភាពឯករាជ្យ ឬមានសម្ព័ន្ធភាពជាមួយគណៈបក្សនយោបាយណាមួយ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពនោះទ្បើយ។ ការចាត់ទុកការ
អនុវត្តច្បាប់ ថាជាការរឹតត្បិតសេរីភាពរបស់ក្រុមណាមួយ គឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋគ្រប់រូប។

* បើទោះជាអវត្តមានអ្នកនយោបាយ ឬគណបក្សនយោបាយពីរឬបី ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ ឬត្រូវបានហាមឃាត់ពីនយោបាយដោយសារការបំពានច្បាប់ កម្ពុជាប្ដេជ្ញាចិត្តឥតងាករេក្នុងការរៀបចំការបោះឆ្នោតខែកក្កដាឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។

* កិច្ចសហប្រតិបត្តិការជាកិច្ចដំណើរការទៅវិញទៅមក។ ដើម្បីទទួលបានលទ្ធផលពិតប្រាកដ អង្គភាពនិងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រាប់ទាំងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស មានភាពចាំបាច់ត្រូវធ្វើការដោយស្មើភាពនិងមិនធ្វើនយោបាយូបនីយកម្ម ស្របតាមគោលការណ៍សកលភាព អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ព្រមទាំងកិច្ចសន្ទនាពិតប្រាកដប្រកបដោយក្ដីស្ថាបនា ដោយផ្អែកលើប្រភពព័ត៌មានដែលបានផ្ទៀងផ្ទាត់។

* ជំនួយបច្ចេកទេសនិងកម្មវិធីកិច្ចសហប្រតិការប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវធ្វើឡើងតាមការស្នើសុំ ដោយពិគ្រោះយោបល់ជាមួយ និងទទួលបានការយល់ព្រមពេញលេញ ពីរដ្ឋ ព្រមទាំងស្របតាមអាទិភាពជាតិ និងអនុសាសន៍ពីការត្រួតពិនិត្យជាសកល(UPR) ដែលបានទទួលយក។ តួនាទីសំខាន់ចម្បងរបស់រដ្ឋដែលជាអ្នកអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្ស គួរតែត្រូវបានគោរពនៅក្នុងកិច្ចដំណើរការនេះ។

ក្នុងអំទ្បុងសម័យប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសគាំទ្រសេចក្តីថ្លែងការណ៍រួមចំនួន១៣ ដែលស្នើដោយអាស៊ាន ក្រុមមិត្តការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រទេសនៃក្រុមដែលមានគំនិតដូចគ្នា លើប្រធានបទ គ្រួសារនិងសិទ្ធិមនុស្ស សិទ្ធិស្ត្រី ការកាត់បន្ថយភាពក្រីក្រ ថាមពលស្អាតស្អំ ការប្រែប្រួលអាកាសធាតុ សាមគ្គីភាពអន្តរជាតិ និងជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ជាអាទិ៍៕