(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតអបអរសាទរ ជូនឧកញ៉ា វ៉ាន់ ឆាស៍ជួន សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធាន កាណាឌីយ៉ា គ្រុប ក្នុងឱកាសទទួលបានគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រនៃកម្ពុជា។
ក្នុងលិខិតអបអរសារទរ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្ល ជូនចំពោះ ឧកញ៉ា ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
ការទទួលបាននូវគោរមងារ ឧកញ៉ា នេះ ពិតជាស័ក្តិសម និងឆ្លុះបង្ហាញអំពី ការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូ លះបង់ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងការចូលរួមជាមួយនឹងសកម្មភាពទ្រទ្រង់ជាថវិការផ្ទាល់ខ្លួន របស់ ឧកញ៉ា ក្នុងការកិច្ចការមនុស្សធម៌និងសប្បុរសធម៌ជាច្រើន ដែលជាឧត្តមប្រយោជន៍ជូនសាធារណៈជន និងជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាល។
ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ ឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕