(ព្រៃវែង)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឆែម សាវុធ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗជាសិស្ស នៅសាលាបឋមសិក្សាភូមិចារ ស្ថិតក្នុងឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ចំនួន៤៣០នាក់ និងបានឧបត្ថម្ភសម្ភារសិក្សា ជូនសិស្សានុសិស្ស ចំនួន៤២០ឈុត ថវិកា៤លានរៀល សម្រាប់ចាក់ដីដើម្បីលុបស្រះសង់អគារសិក្សាថ្មី ថវិកាជូនក្មួយៗ ម្នាក់៥០០០រៀល និងជូនលោកគ្រូ អ្នកគ្រូម្នាក់ ៥០,០០០រៀល សរុប២,៦០០,០០០រៀល។

មើលឃើញពីតម្រូវការចាំបាច់របស់សាលាបថមសិក្សាភូមិចារ លោក ឆែម សាវុធ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេសាង ខេត្តព្រៃវែង ក៏បានឧបត្ថម្ភតុកៅអីសម្រាប់សិស្ស ចំនួន៧៥ឈុត និងតុ-កៅអី គ្រូ ចំនួន៤ឈុត សរុបជាថវិកាអស់ចំនួន ៣,៥០០ដុល្លារ។

ក្រោយពីបានបញ្ចប់កម្មវិធីសំណេះសំណាល នៅសាលាបថមសិក្សាភូមិចារ លោក ឆែម សាវុធ ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យសំណង់សាលាឆាន់នៅវត្តបារមីរស្មីអង្គចារ ដែលត្រូវខ្យល់កន្ត្រាក់បោកឲ្យដួលរលំខូចខាត និងបានឧបត្ថម្ភជាថវិកាសម្រាប់ជួសជុល ចំនួន១០លានរៀលផងដែរ៕