(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានទទួលមរណភាព កាលពីវេលាម៉ោង ០៥៖១៨ នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ៧០ ដោយរោគាពាធ។
តាមរយៈសារលិខិតនេះ លោកស្រី កិត្តិសង្គហបណ្ឌិត បានលើកឡើងថា មរណភាពរបស់ លោក អ៊ុក ដាមរី គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរៀងរហូតមក។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាកថាថា សពលោក អ៊ុក ដាមរី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ១២៦-១២៨ រុក្ខវិថីអេកូសាន់រាយ ស្ថិតក្នុងបុរីប៉េងហ៊ួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕