(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋជាង ៤០០នាក់ នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជាមួយនឹងការចុះជួបសំណេះសំណាលផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាឱកាសនោះ បងប្អូនប្រជាពលរដ្ឋនៅភូមិក្តាមហា ឃុំឈូកខ្សាច់ទាំងអស់បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។
លើកឡើងនាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា «គណបក្សប្រជាជនកម្ពុជាមានរយៈពេល ៦អាណត្តិហើយ ដែលទទួលបានជោគជ័យលើការបោះឆ្នោត ដែលត្រឹមត្រូវ សេរី និងយុត្តិធម៍ និងទទួលបានជោគជ័យចេញពីបេះដូងរបស់ប្រជាពលរដ្ឋ ដោយសារយើងធធ្វើបានល្អសម្រាប់ប្រជាជន និងប្រជាជាតិ ដូចនេះប្រជាជនមានការគាំទ្រ ដែលជាពិេសសគណបក្សប្រជាជនកម្ពុជា បានកសាងសមាជិកបក្សចាប់ពីប្រមាណ៦០នាក់ នៅឆ្នាំ១៩៧៩ មកដល់ឥលូវយើងកសាងបានប្រមាណ ៩លាននាក់ ក្នុងពេលដែលគណបក្សមួយចំនួន រលាយរូប រលាយរាង បាត់ទាំងអង្កការចាត់តាំង និងសមាជិកផងដែរ»។
លោកបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា ការទទួលបានជោគជ័យដូចនេះ ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ និងបានធ្វើការអភិវឌ្ឍន៍សមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ ជាមួយនឹងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងស្ថេរភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ដែរថា ដើម្បីការសុខសន្តិភាព និងស្ថេរភាពពេញលេញ ជាមួយនឹងការអភិវឌ្ឍជាបន្តទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨៕