(កណ្តាល)៖ លោក សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជា ឃុំស្អាងភ្នំ ប្រមាណ ៣០០នាក់។
បន្ទាប់ពីបញ្ចប់ការហែរក្បួននៅក្នុងភូមិទាំង៩ ទូទាំងឃុំស្អាងភ្នំ លោក សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិកគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនាតាមខ្នងផ្ទះរបស់សមាជិកគណបក្ស ដើម្បីពិនិត្យឯកសារបោះឆ្នោត និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។
នៅរសៀលថ្ងៃដដែល លោក សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសមិទ្ធផលអភិវឌ្ឍមូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោលនិងអំពូលសូឡាចំនួន១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការជួសជុលអគារសិក្សាជាដើម។
ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន លោក សុខ សូកេន បានរំលេចពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើងពីគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះទៀត លោក សុខ សូកេន ក៏បានអំពាវនាវដល់សកម្មជន សមាជិកសមាជិកាគណបក្ស ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។