(ព្រែកប្រសព្វ-ក្រចេះ)៖ លោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនខេត្តក្រចេះ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលធ្លាប់រួមការងារពីអតីតកាលឱ្យងាកមកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេ្ទសក៍ជាតិដ៏អស្ចារ្យសម្រាប់សុខសន្តិភាព និងអនាគតរុងរឿងរបស់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។
លោក សឿ សុភី បានថ្លែងអំពាវនាវបែបនេះ នៅថ្ងៃព្រឹកទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រែកប្រសព្វ កណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងគ្រាដែលលោកបានចូលរួមក្នុងពិធីមិទ្ទិញយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទៅកាន់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមានអ្នកចូលរួមប្រមាណប្រមាណ ៨ពាន់នាក់ ដែលជាសកម្មជនគណបក្ស និងជាតំណាងប្រជាពលរដ្ឋតាមគ្រប់ខ្នងផ្ទះមកពីឃុំទាំង ៨ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងពិធីនេះអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតប្រធានស្តីទីក្រុមការងារខេត្តក្រចេះរបស់គណបក្សភ្លើងទៀនលោក សឿ សុភី បានឡើងថ្លែងមតិបំភ្លឺច្បាស់ពីមូលហេតុចម្បងដែលរូបលោក និងសហការីមួយចំនួនទៀត សម្រេចចិត្តផ្លាស់ប្តូរជំហរនយោបាយស្ម័គ្រមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែគណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយស្វាគមន៍គ្រប់ការចូលរួមរបស់គណបក្សនយោបាយផ្សេងៗ និងដោយសារតែបានមើលឃើញយ៉ាងច្បាស់ពីវីរភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាបាននាំមកនូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ពិធីមិទ្ទិញយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទៅកាន់ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ៕