(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង បានថ្លែងថា អ្នកដែលរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅឆ្នោត គឺខុសច្បាប់ ហើយអ្នកដែលញុះញង់ ឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ក៏ខុសច្បាប់ដែរ។
ការថ្លែងបែបនេះសម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចក្រឡាហោមបន្តថា នៅពេលបោះឆ្នោតម្តងៗ មានក្រុមមនុស្សមួយចំនួន តែងតែចង់បំផ្លាញសន្តិភាព និងស្ថិរភាពនៅកម្ពុជា ពោលគឺបំផ្លាញការបោះឆ្នោត តាមរយៈការគូសសន្លឹកឆ្នោតចោល។ មួយវិញទៀត ចង់បំផ្លាញសុខសន្តិភាព តាមរយៈបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។
សម្តេចអនុប្រធានគណបក្សបន្ថែមថា គោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល នឹងបន្តការពារសុខសន្តិភាព ធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅសុខសាន្ត មិនប្រទេសជាតិឲ្យវិលត្រឡប់ទៅរកភាពខ្មៅងងឹត ដែលប្រជាជន ធ្លាប់ឆ្លងកាត់កន្លងមកនោះទេ។
កិច្ចការចម្បងមួយទៀត គឺការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដោះស្រាយបញ្ហាមនុស្ស ផ្លូវ ភ្លើង ទឹក ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង។
ជាក់ស្តែង អំឡុងមានការរាតត្បាតខ្លាំង ពីជំងឺកូវីដ-១៩ រដ្ឋាភិបាលបានរៀបចំទប់ស្កាត់ និងដាក់ចេញយុទ្ធនារការស្រោចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារសុខភាពសាធារណៈ ហើយក្រោយជោគជ័យការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចល្អឡើងវិញ។
គួរជម្រាបថា ក្រៅពីពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា នៅទីស្នាក់ការបក្សស្រុកព្រះស្តេច, នៅថ្ងៃដដែលនេះ សម្តេចក្រឡាហោម ស ខេង បានចុះជួបសួរសុខទុក្ខ សមាជិក សមាជិកា ជាច្រើនឃុំទៀត ក្នុងស្រុកចំនួន៤ នៃខេត្តព្រះវែង គឺនៅគឺស្រុកព្រះស្តេច ពាមជរ មេសាង និងស្រុកកំពង់ត្របែក។
សូមជម្រាបថា មណ្ឌលព្រៃវែង មាន ១២គណបក្សនយោបាយ បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕