(សៀមរាប)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានចុះជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សាសនិកឥស្លាម នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
ពិធីនេះ មានការចូលរួមពីលោក ស្មាន ម៉ាណាន និងលោក មិន គ្រីយ៉ា សមាជិកអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា លោក អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងលោក លោកស្រី សមាជិកថ្នាក់កណ្ដាលនៃគណៈចលនា សាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកាគណៈចលនា សាសនិកឥស្លាមកម្ពុជា ខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានលើកឡើងថា ទោះបីស្ថិតក្នុងកាលៈទេសៈដែលមានការអូសទាញខាងស្មារតី និងសម្ភារៈយ៉ាងណាក៏ដោយ កត្តាចម្បងដែលធ្វើឱ្យបងប្អូនសាសនិកឥស្លាមមានភក្ដីភាព ចំពោះគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សមួយនេះ បានរំដោះពួកយើងចេញពីរបបយង់ឃ្នង របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញសារជាថ្មីម្ដងទៀត ហើយមានការបើកទូលាយអំពីជំនឿសាសនា ការផ្តល់សិទ្ធិសេរីភាព និងភាពស្មើភាពគ្នាក្នុង សង្គម និងការយកចិត្តទុកដាក់ផ្តល់គោលនយោបាយ លើកទឹកចិត្តសហគមន៍ឥស្លាមយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដែលនេះពិតជាមោទនភាពរបស់បងប្អូនខ្មែរឥស្លាម បានកើតនៅលើទឹកដីកម្ពុជាដ៏បវរនេះ។
លោក អែល សៀត បានបន្តថា ដោយឈរលើទស្សនៈ និងគោលជំហរបម្រើគណបក្ស បម្រើប្រជាជន និងមាតុភូមិ ក្រៅពីអំពើល្អរបស់ខ្លួនក្នុងការងារដើម្បីនិរន្តភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខសាន្ត និងសំបុររុងរឿងទៅថ្ងៃអនាគតរបស់ប្រជាជនយើង គណៈចលនាសាសនិកឥស្លាមបាននិងកំពុងខិតខំពង្រឹងពង្រីកអូសទាញយកសំឡេងឆ្នោតគាំទ្របេក្ខជនតំណាងរាស្ត្ររបស់គណ បក្សប្រជាជនកម្ពុជា ពីបងប្អូនសាសនិកឥស្លាម ដោយចូលរួមសហការជាមួយ និងគណបក្សមូលដ្ឋានយ៉ាងសកម្មផងដែរ។
លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់សាសនិកឥស្លាម ឲ្យជ្រាបអំពីគុណូបការៈទៅចំពោះថ្នាក់ដឹកនាំដែលមានសម្តេចតេជោ និងឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលពួកគាត់បានយកសាច់ស្រស់ ឈាមស្រស់មកជួយពួកយើង រំដោះពួកយើង ផ្តល់នូវសិទ្ធិសេរីភាពដល់ពួកយើង អនុញាតឲ្យពួកយើងប្រតិបត្តិសាសនាដោយគ្មានការរឹតត្បិត និងបានផ្ដល់នូវកិត្តិយសមុខមាត់ដល់ពួកយើងតាមរយៈការផ្តល់គោលនយោបាយដល់គ្រូបង្រៀនសាសនារាប់ពាន់នាក់ ឲ្យបានចូលក្របខ័ណ្ឌ និងក្របខ័ណ្ឌមន្ត្រីរាជការរាប់រយនាក់ចាប់តាំងពីថ្នាក់តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានអភិបាលរងខេត្ត-ក្រុង-ស្រុកជាច្រើនរយនាក់ផងដែរ។ ហេតុដូច្នេះហើយ ពួកយើងទាំងអស់គ្នា សូមប្តេជ្ញាចិត្តថែរក្សាកេរដំណែលសន្តិភាពមួយនេះ មិនឲ្យបាត់បង់ជាដាច់ខាត ទោះបីជាក្នុងតម្លៃណាក៏ដោយ។
លោក រ៉ូហ្វី អូស្មាន បានបន្តថា ទាក់ទងទៅនឹងជំងឺកូវីដ-១៩នាពេលកន្លងទៅ ប្រសិនបើសម្តេចតេជោ ហ៊ុន សែន មិនមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ យើងក៏គ្មានឱកាសជួបជុំគ្នានៅថ្ងៃនេះទេ ទោះបីក្រុមគ្រួសារយើងក៏មិនអាចជួបជុំគ្នាបានដែ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល និងបានបើកដំណើរការប្រទេសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចផងដែរ។
ជាមួយនេះដែរ លោក រ៉ូហ្វី អូស្មាន ក៏អំពាវនាវដល់សាសនិកឥស្លាមទាំងអស់ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋម្នាក់ក្នុងការសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ និងមានរូបសម្គាល់ «ទេវតាបាចផ្កា» និងគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ៕