(ភ្នំពេញ)៖ អ្នកឧកញ៉ា គ្រី ទូច បានចេញសារលិខិត ថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលប្រទានគោរមងារដល់លោកជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច បានលើកឡើងថា៖ «ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារមានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរម រាជានុញ្ញាតក្រាប់ថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារដល់ទូលព្រះបង្គំជាខ្ញុំ ជាអ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូម ព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុម គ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គសូមព្រះ មេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើ ត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បី គង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ»៕
ខាងក្រោមនេះជាលិខិតរបស់ អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច៖