(ភ្នំពេញ)៖ លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធនឹងរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត ក្រោមការប្រកាន់ជាផ្លូវការ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ដូចគ្នាថា ឈ្មោះ លី រី និងឈ្មោះ ប៊ុន ខេត ត្រូវបានដាក់ឲ្យស្ថិតក្រោមបទចោទប្រកាន់ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។

សូមរំលឹកថា សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនមេដឹកនាំគណបក្សភ្លើងទៀន២នាក់ ទៅតុលាការ ក្រោយចាប់ខ្លួន រឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០៣។

សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូបនេះ រួមមានទី១៖ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់។

ការនាំខ្លួនសមាជិកនេះ ធ្វើឡើងដោយមានការអ នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការឃាត់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕