(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជី ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈយុទ្ធនាការឃោសនាកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ និងសប្បាយរីករាយ។
តាមរយៈបណ្តាញ Twitter សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ»។
សម្តេចបានបន្តថា៖ «ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា»។
«It has been 16 days since the start of the election campaign, and all the participating political parties have been campaigning actively and happily as if the campaign is a joyful festival.
In line with the King's appeal and that of the National Election Committee, I, on behalf of Cambodian prime minister, would like to take this opportunity to call on all citizens, who have registered to vote, to go to the polls on Sunday, 23 July 2023»
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រយៈពេលជាង១០ថ្ងៃមកនេះ យុទ្ធនាការឃោសនាបោះឆ្នោត បានព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕