(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញសហគ្រិនកម្ពុជា យកចិត្តទុកដាក់ទៅលើការពង្រឹង គុណភាពផលិតផល និងអភិវឌ្ឍសំបកវេចខ្ជប់រំលេច ដោយសោភណ្ឌភាព ដើម្បីដណ្តើមកាន់កាប់ទីផ្សារ។
ការថ្លែងជំរុញរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងពេលអញ្ជើញបើកសិក្ខាសាលាស្តីអំពី «ការកសាងទំនុកចិត្តលើផលិតផលខ្មែរ» នៅសណ្ឋាគារអូឈើទាល ខេត្តព្រះសីហនុ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការក្រសួង មន្ទីរពាក់ព័ន្ធសភាពាណិជ្ជកម្ម សមាគមអាជីវកម្ម សហគ្រាសផលិត អាជីវករ ផលិតករ និងនិស្សិតមហាវិទ្យាល័យ ដែលមានអ្នកចូលរួមសរុប ១៩៦នាក់។
សិក្ខាសាលាអមដោយព្រឹត្តិការណ៍យុទ្ធនាការទិញផលិតផលខ្មែរ នៅខេត្តព្រះសីហនុនាពេលនេះ ធ្វើឡើងដើម្បីបំផុតចលនាមហាជន ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា។ ជាពិសេសសិក្ខាសាលានេះ មានគោលដៅបណ្តុះបណ្តាល ផលិតករ សិប្បករ សហគ្រិនកម្ពុជា យកចិត្តទុកដាក់លើការពង្រឹងគុណភាពផលិតផល ការអភិវឌ្ឍន៍សំបកវេចខ្ចប់រំលេចដោយសោភណ្ឌភាព និងយុទ្ធសាស្រ្តដណ្តើមកាន់កាប់ទីផ្សារ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនោះថា ការមកដល់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការទាក់ទាញវិនិយោគពីបរទេស និងពង្រីកទីផ្សារនាំចេញ តាមរយៈការតភ្ជាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងចង្វាក់ផលិតកម្មនៅក្នុងតំបន់ ប៉ុន្តែជាមួយគ្នានេះ រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកម្ម ទាំងឡាយនៅកម្ពុជា នឹងជួបប្រទះភាពប្រកួតប្រជែងថ្មីមួយ ដែលសកម្មជាងមុន។ ការលុបបំបាត់ពន្ធគយ និងការដកចេញនូវរបាំងមិនមែនពន្ធ នឹងធ្វើឲ្យទំនិញក្នុងតំបន់អាស៊ានមានលំហូរដោយសេរី ដែលនេះជាឧបសគ្គចំពោះផលិតកម្មក្នុងស្រុក។
ឆ្លើយតបការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារនេះ លោករដ្ឋមន្រ្តី អំពាវនាវដល់សហគ្រិនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ លើកការពង្រឹងគុណភាពទំនិញ ដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់ដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ មានតម្លៃសមរម្យ ហើយត្រូវមានទំនាក់ទំនងជាប់ជាប្រចាំជាមួយ ក្រសួង សា្ថប័នរបស់រដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរព័ត៌មាន បច្ចេកទេស និងបទពិសោធន៍ក្នុងការកែលំអរ ផលិតកម្មរបស់ខ្លួននិងដើម្បីចូលរួមប្រកួតប្រជែង ឲ្យបានពេញលេញក្នុងសហគមន៍ដែលមានទីផ្សាររួម និងការប្រកួតប្រជែងដ៏ស្រួចស្រាវមួយនេះ។
គួររំលឹកថា ខេត្តព្រះសីហនុ គឺជាខេត្តជាប់មានសមុទ្រមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់ទទួលបដិសណ្ឋារកិច្ច អ្នកវិនិយោគ ចូលមកវិនិយោគលើតំបន់ឧស្សាហកម្ម កែច្នៃនាំចេញផងដែរ៕