(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជេីញដឹកនាំការហែក្បួនលេីកទី៣ នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែរមាន លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ឯកឧត្តម លោកជំទាវ ជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន តាមបណ្តាឃុំទាំង១២ ព្រមទាំងគណបក្សមូលដ្ឋាន សាខាបក្ស និងសកម្មជនគណបក្សប្រមាណជិត ១០,០៧៨នាក់ រថយន្តប្រមាណជាង ២៧៥គ្រឿង ម៉ូតូជាង ៥,០៩១គ្រឿង។
ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ សារនយោបាយរបស់គណបក្ស និងការស្រែកជ័យឃោសកងរំពង គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅតាមដងផ្លូវគេក៏សង្កេតឃេីញមានប្រជាពលរដ្ឋក្នុងទឹកមុខសប្បាយរីករាយ ឈរទទួលស្វាគមន៍គ្រវីទង់ជាតិនិងទង់គណបក្សស្រែកហ៊ោកញ្ជ្រៀវ អបអរសាទរក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ចេតនារាក់ទាក់និងសោមនស្សក្រៃលែង៕