(ភ្នំពេញ)៖ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ នៅថ្ងៃទី១៦ ខែកក្កដានេះ បានឲ្យដឹងថា ខ្មែរ ៥រូបកំពុងកាន់តំណែងខ្ពស់ៗទាំងអស់ នៅលេខាធិការដ្ឋានអាស៊ាន។

នៅលើបណ្តាញសង្គម លោក ពុយ គា បានសរសរសារទាំងស្រុងថា៖

ជនជាតិខ្មែរកាន់តំណែងធំៗនៅអាស៊ានចាប់ពីដើមឆ្នាំរហូតដល់ខែកក្កដា ឆ្នាំ២០២៣នេះ ខ្ញុំបានធ្វើដំណើរបំពេញការងារមកកាន់ប្រទេសឥណ្ឌូនេស៊ីចំនួន៤លើករួចមកហើយ។ លើកនេះ ខ្ញុំបានចូលទៅដល់កន្លែងបេះដូងអាស៊ានដើម្បីស្វែងយល់អំពីលេខាធិការដ្ឋានអាស៊ានស្ថិតនៅកណ្តាលទីក្រុងចាកាតាដែលមានមន្រ្តីនិងបុគ្គលិកធ្វើការជាង៤០០នាក់។

ពេលដែលខ្ញុំកំពុងមានវត្តមាននៅក្នុងអគាររដ៏ស្កឹមស្កៃនោះ ស្រាប់តែលេចចេញព័ត៌មានថាមានជនជាតិខ្មែរ ៥រូបកំពុងកាន់តំណែងខ្ពស់ៗទាំងអស់នៅក្នុងស្ថាប័នដ៏ធំមួយនេះ។

តើខ្មែរ៥រូបនោះជានរណា? កាន់តំណែងអ្វី?

១. លោកបណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការ កាន់តំណែងខ្ពស់ជាងគេបំផុត
២. លោក លុច្ស តារា នាយកខុទ្ទកាល័យអគ្គលេខាធិការអាស៊ាន
៣. លោក អ៊ុន សុវណ្ណាសាម ប្រធាននាយកដ្ឋានកិច្ចការសេវាកម្មច្បាប់ និងកិច្ចព្រមព្រៀង
៤. លោក អុឹង ស្រេងគង់ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ
៥. លោកបណ្ឌិត សុខ វង់ អនុប្រធាននាយកដ្ឋាន និងជាប្រធានកិច្ចការបរិស្ថាន។

លោក កៅ គឹមហួន ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយមកពីសហរដ្ឋអាម៉េរិក។ មុនទទួលបានតំណែងជាអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ធ្លាប់កាន់កិច្ចការនិងមានបទពិសោធន៍ជាច្រើនទាក់ទងទៅនឹងការស្រាវជ្រាវ វិស័យអប់រំ ទំនាក់ទំនងអន្តរជាតិ និងកិច្ចការបរទេស រួមទាំងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

មុនលោកចេញដំណើរមកទទួលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសម្តែងការគួរសមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដែលពេលនោះលោករដ្ឋមន្រ្តី បានថ្លែងថា «សម្តេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកចេះមើលក្រឡាអុកបានឆ្ងាយជាងគេបង្អស់ ហើយមើលមិនចេះខុស។ ឯ.ឧ កៅ គឹមហួន ជាជម្រើសរបស់សម្តេច ដែលបញ្ជូនមកធ្វើជាអគ្គលេខាធិការអាស៊ាន»

រាល់ដំណើរទៅក្រៅប្រទេសម្តងៗ ខ្ញុំតែងសង្កេតដោយក្តីរំភើបនៅពេលដែលខ្ញុំបានដឹងថាមានពលរដ្ឋខ្មែរយើងបានកាន់តំណែង ឬតួនាទីធំៗ វាជាមុខមាត់និងជាធនធានមនុស្សរបស់ខ្មែរទាំងអស់ ហើយខ្ញុំសង្ឃឹមថានឹងមានបញ្ញាវន្តខ្មែរយើងជាបន្តបន្ទាប់នឹងមកកាន់តំណែងច្រើនទៀតនៅលេខាធិការដ្ឋានអាស៊ានដែលកំពុងធ្វើការជាមួយប្រមុខការទូតមកពី១០៥ប្រទេស និងស្ថាប័នអន្តរជាតិធំៗដទៃទៀត៕