(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងលោកស្រី ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកាត់ភ្លុក និងឃុំភក្តី ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ និងលោក លី ចាន់សុភក្តី បានដឹកនាំដង្ហែក្បួនម៉ូតូឃោសនារកសម្លេងឆ្នោត ដោយមានក្រុមការងារបញ្ញវ័ន្ត និងសកម្មជនយុវជន ចូលរួមប្រមាណជិត៣០០នាក់។
ក្បួនដង្ហែដោយប្រើប្រាស់ម៉ូតូជិត២០០គ្រឿង និងឧគ្ឃោសនស័ព្ទចំនួន៤គ្រឿង បានចូលតាមបណ្តាភូមិទាំង២០ នៃឃុំទាំង២ ដើម្បីជម្រាបជូនបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនូវគោលនយោបាយ៦ចំណុចចុងក្រោយ ដែលបានដាក់ចុះដោយសម្តេចតេជោ ប្រធានគណបក្ស។
ជាមួយគ្នានេះ លោកបណ្ឌិត ហេង សុខគង់ បានស្រែកតាមឧគ្ឃោសនស័ព្ទសុំអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីអនាគតខ្លួនយើង និងអនាគតកូនចៅយើងតទៅមុខទៀត។ យើងគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគត។
ក្នុងឱកាសនោះ មានប្រជាពលរដ្ឋ យុវជន យុវនារីតាមដងផ្លូវ និងតាមខ្នងផ្ទះស្រែកហ៊ោអបអរសាទរ ខ្លះលើកទង់ជាតិ និងទង់បក្សមកអបអរសាទរជាមួយផងដែរ ហើយក៏មានកុមារា កុមារី ដែលពេញចិត្តជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន សុំចូលរួមហែដោយជិះកង់រាប់សិបគីឡូជាមួយក្រុមការងារផងដែរ៕