(កណ្ដាល)៖ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅអំឡុងពេលដង្ហែរក្បួឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះថា លោកនិងសមាជិកសមាជិកាទាំងជាង១ម៉ឺននាក់ សូមប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ គាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្របណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីអស់ពីបេះដូង។
លោក កន សុខកាយ បានថ្លែងបញ្ជាក់ថា ការដង្ហែរក្បួននៅថ្ងៃនេះ ពិតជាមានភាពឱឡារឹកណាស់ ដោយឃើញពីភាពស្វាហាប់យ៉ាងផុលផុសរបស់សមាជិកសមាជិកាសរុប បូកទាំងអ្នកនៅអមសងខាងផ្លូវជាង១ម៉ឺននាក់ បានស្រែកហ៊ោរកញ្រ្ចៀវ ស្រែកជ័យឃោស បង្ហាញពីភាពអង់អាចក្លាហាន និងពេញដោយសមត្ថភាពនៃគណបក្សប្រជាជនកម្ពុជា ដែលស្រុកល្វាឯមស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកគាំទ្រ និងស្រលាញ់គណបក្សប្រជាជនកម្ពុជា ។
ពិធីដង្ហែរក្បួននេះ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ, លោកគង់ សោភ័ណញដ អភិបាលខេត្តកណ្ដាល និងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀតផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
សមាជិក-សមាជិកាបក្សទាំងអស់មានវត្តមាននៅក្នុងពិធី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេន សម្រាប់អនាគត។
បន្ទាប់ពីមានមតិសំណេះសំណាលរួច, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក និងបានជួបជាមួយសមាជិកគណបក្ស នៅតាមមណ្ឌលសកម្មភាពជាច្រើន នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល៕