(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល ឃោសនារកសំឡេងឆ្នោត និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋចំនួន៥២៣នាក់ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានថ្លែងថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងកាន់តែជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ និងកាន់តែឆ្លើយតបនូវអ្វីដែលជាតម្រូវការរបស់ពលរដ្ឋ។
លោកបានបន្តថា ការដាក់ចេញនូវកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សុទ្ធសឹងតែត្រូវបានគិតគូរយ៉ាងម៉តចត់ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្ស ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងបានស្ដែងចេញនូវសមិទ្ធផលជាច្រើន នៃអាណត្តិនីមួយៗ ព្រមទាំងឆ្លើយតបទៅ នឹងសន្លឹកឆ្នោតរបស់ពលរដ្ឋ ដែលបានគាំទ្រ និងការជឿជាក់ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបាននូវជ័យជំនះកន្លងមក។
ជាមួយគ្នានេះ លោកបានរំលេចពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងសមិទ្ធផល ដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
ជាចុងក្រោយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តទទួលសុខសន្តិភាព និងការអភិវឌ្ឍទៅថ្ងៃខាងមុខទៀត។
សូមជម្រាបជូនថា កម្មវិធីនយោបាយសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ មានចំនួន៦ចំណុច ជាអាទិភាព ១៖ ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្រប់ដណ្ដប់សុខភាពជាសកល, ២៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះប្រមាណ ១,៥លាននាក់, ៣៖ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
៤៖ ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល និង៦៖ ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្ម ឲ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទ៕