(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេច ធ្វើការប្រហារជីវិតអ្នកទោសគ្រឿងញៀនចំនួន ០៤នាក់ ខណៈ ១០នាក់ផ្សេងទៀតក៏កំពុងប្រឈមមុខនឹងការបាញ់ចោលដូចគ្នា ប៉ុន្តែមេធាវីការពារក្តីមួយរូបបានហៅទង្វើរបស់ អាជ្ញាធរឥណ្ឌូណេស៊ីនេះថា «ជារឿងដែលអាក្រក់ជាទីបំផុត»។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។
ការប្រហារជីវិតនេះត្រូវបានធ្វើឡើង នៅក្នុងពន្ធនាគារនៃកោះដាច់ស្រយាលមួយរបស់ឥណ្ឌូណេស៊ី Cilcacap ក្រោយពេលដែល សហគមន៍អន្តរជាតិ ដូចជាក្រុមអ្នកការពារសិទ្ធិអន្តរជាតិ, អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន, និងសហភាពអឺរ៉ុប បានអំពាវនាវឲ្យអាជ្ញាធរឥណ្ឌូណេស៊ី បញ្ឈប់ដំណើរការកាត់ទោសប្រហារជីវិត នោះជាបន្ទាន់។
គួរបញ្ជាក់ថា ជនដែលត្រូវបានប្រហារជីវិតរួចទៅហើយនោះ មានបីនាក់ជាជនជាតិនីហ្សេរីយ៉ា និងម្នាក់ជាជនជាតិ ឥណ្ឌូណេស៊ីខ្លួនឯង ដោយបីនាក់ត្រូវបានប្រហារនៅពាក់កណ្តាលយប់មិញ និងម្នាក់ទៀតត្រូវបានប្រហារជីវិត នៅប៉ុន្មានម៉ោងបន្ទាប់ពីនោះ ហើយដោយឡែកសពរបស់ពួកគេក៏ត្រូវបានរៀបចំបញ្ចុះរួចទៅហើយដែរ។
យ៉ាងណាក៏ដោយក្រុមការពារសិទ្ធិអន្តរជាតិ បានសួរជាសំនួរថា តើមនុស្ស ១០នាក់ផ្សេងទៀតដែលកំពុងប្រឈមមុខ នឹងការផ្ទាទោសដូចគ្នានេះ អាចនឹងមានវាសនាដូចអ្នកទាំង ៤នាក់ខាងលើដែរឬទេ? ជនជាប់ចោទក្នុងករណីរត់ពន្ធ នឹងប្រើប្រាស់គ្រឿងញៀនទាំង ១០នាក់នោះមាន ជនជាតិ ឥណ្ឌា, ប៉ាគីស្ថាន និង ហ្ស៊ិមបាបវេ ផងដែរ។
ពួកគេទាំង ១០នាក់ត្រូវបានមេធាវី Gunawan អះអាងថា ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ដោយមិនមានការតវ៉ាឬនិយាយការពារ ការចោទប្រកាន់អ្វីសោះឡើយ។ លោកអនុសេនីយ៍ឯក Noor Rachmad បាននិយាយថា អ្នកសេសសល់ផ្សេងទៀត នឹងត្រូវជីវិតផងដែរ ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ពេលនោះទេ ខណៈដែលក្រុមគ្រួសារ ជនជាប់ចោទ កំពុងរង់ចាំលទ្ធផលទាំងតក់ស្លុត និងអំពាវនាវឲ្យអន្តរជាតិជួយ តែមិនអាចមាននរណាជួយបានឡើយ៕