(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នឹងដឹកនាំក្បួនដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានអ្នកចូលរួមប្រមាណជិត៦ម៉ឺននាក់ ដោយចាប់ផ្តើមចេញពីក្នុងបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
នេះបើតាមការបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃ អាទិត្យទី១៦ ខែកក្កដានេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធចំណុះឲ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបប្រមាណ៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណ ៤០,០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីកោះពេជ្រ និងមកបិទបញ្ចប់នៅក្នុងតំបន់បឹងកក់។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានណែនាំឲ្យប្រធានគណៈកម្មាធិការគណបក្សខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួន ស្ថិតនៅក្នុងតម្រាយផ្លូវនៃការដង្ហែរក្បួននេះ ត្រូវទទួលខុសឲ្យបានខ្ពស់បំផុត លើ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដើម្បីអោយការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញនេះ ទទួលបាននូវភាពគគ្រឹកគគ្រេង ជាមួយនឹងការរក្សាបានល្អទាំងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ៕