(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានប្រកាសថាលោក នឹងមិនគាំទ្រអតីតនាយករដ្ឋមន្ត្រី លោក Kevin Rudd ក្នុងការឈរឈ្មោះធ្វើជាអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិនោះឡើយ ព្រោះលោក មិនសក្តិសមកាន់តំណែងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។
លោក Rudd ធ្លាប់ជានាយករដ្ឋមន្ត្រីមកពីគណបក្សពលករ ចំនួនពីរលើក អំឡុងពេលដែលមានការប្រទាញ ប្រទង់អំណាចខ្លាំងជាមួយនឹងលោកស្រី Julia Gillard ចាប់តាំងពីឆ្នាំ ២០០៧ ហើយក្រោយមកក៏ត្រូវបានលោក Tony Abbott មកពីគណបក្សអភិរក្សនិយម វ៉ាយកតំណែងនាយករដ្ឋមន្ត្រីបានសម្រេចនៅឆ្នាំ ២០១៣។
ដោយឡែកលោក Turnbull ដែលជាអ្នកបន្តតំណែងពីលោក Abbott នោះបាននិយាយថា ពុំមាននយោបាយណា ដែលត្រូវឆ្លើយតបចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលមិនគាំទ្រលោក Rudd នោះហើយ។ ជាក់ស្តែង គណរដ្ឋមន្ត្រីបានសម្រេចយ៉ាងច្បាស់លាស់បំផុត ចំពោះភាពសមគួរនៃលោក Rudd ក្នុងការអនុញ្ញាតឲ្យលោក ឈរឈ្មោះ ដណ្តើមតំណែងអគ្គលេខាធិការ UN នោះរួចមកហើយ។
យ៉ាងណាក៏ដោយលោក Turnbull បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាថា «តើរដ្ឋាភិបាលជឿលើគាត់ទេ? តើយើងជឿជាក់ទេ? តើក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីអាចជឿជាក់ថា លោក Rudd នឹងសក្តិសមបំផុតសម្រាប់ តួនាទីនោះដែរឬទេ? សម្រាប់ការកាត់សេចក្តីរបស់ខ្ញុំផ្ទាល់ គឺខ្ញុំគិតថាគាត់មិនសក្តិសមទេ»។
គួរបញ្ជាក់ថា នេះត្រូវបានចាត់ទុកជារឿងចម្លែកមួយសម្រាប់រដ្ឋាភិបាល ដែលមិនគាំទ្រចំពោះអតីតមេដឹកនាំ រដ្ឋាភិបាលមុន ក្នុងការឈរឈ្មោះជាប្រធាន UN ខណៈនាយករដ្ឋមន្ត្រីនូវែលសេឡង់បច្ចុប្បន្នលោក John Key បានគាំទ្រពេញយ៉ាងទំហឹងចំពោះអតីតនាយករដ្ឋមន្ត្រីលោកស្រី Helen Clark ឈរឈ្មោះជាបេក្ខជន ដើម្បីដណ្តើមតំណែងប្រធាន UN បន្តពីលោក បាន គីមូន៕