(ភ្នំពេញ)៖ លោក ចាន់ រាជសីហ៍ អ្នកនិយាយបញ្ហាសង្គមដ៏ល្បី រស់នៅអាមេរិក បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃខាងមុខឆាប់ៗនេះ។
លោក ចាន់ រាជសីហ៍ ដែលតែងតែនិយាយពីបញ្ហាសង្គម និងថតភាពពីកម្ពុជា លើបណ្តាញសង្គម ដើម្បីផ្តល់ជាពុទ្ធិដល់ប្រជាពលរដ្ឋខ្មែរនៅបរទេស បានយល់ដឹងនោះ បានអះអាងថា ការណ៍ដែលលោកខំជិះយន្តហោះមកខ្មែរដើម្បីបោះឆ្នោត ក៏ជាសកម្មភាពមួយបង្ហាញថា សូម្បីតែប្រជាពលរដ្ឋរស់នៅបរទេស ដែលមានសិទ្ធិបោះឆ្នោត ក៏ចង់បោះឆ្នោតជ្រើសរើសមេដឹកនាំដែរ ខុសពីមនុស្សប្រឆាំងមួយចំនួន ដែលមិនចង់ទៅបោះឆ្នោត។
ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថា ដំណើរការបោះឆ្នោតនៅកម្ពុជា កំពុងតែប្រព្រឹត្តិទៅតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ខុសពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែធ្វើសកម្មភាពនយោបាយបំភ្លៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ជាមួយគ្នានេះ លោកបន្តថា នយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម បានរលាយដូចអំបិលត្រូវទឹក ដោយសារប្រជាពលរដ្ឋលែងជឿ ហើយនយោបាយបោកប្រាស់របស់ពួកប្រឆាំង ក៏មិនត្រូវបានគាំទ្រដោយសហគមន៍អន្តរជាតិដែរ។
លោក ចាន់ រាជសីហ៍ បានអំនាវប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ និងមានរូបទេវតាបាចផ្កាជាសម្គាល់៕