(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមាន ជំនាន់ទី៥ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានបង្ហាញថា ដងខ្លួននៃដំណឹង «Body of the Stor»y គឺជា​ផ្នែកនៃការសរសេរដែលត្រូវទ្រទ្រង់នូវតម្លៃរបស់ Lead។

លោក ម៉ារ យ៉ារិទ្ធ បានបន្ដថា ដងខ្លួននៃដំណឹង គឺជាផ្នែកសំខាន់ដែលសរសេររៀបរាប់ជុំវិញភស្ថុតាង, ការពិត, ពាក្យសម្តី ដកស្រង់ Quotes, ការផ្តល់នូវសាវតា Background ដែលពាក់ព័ន្ធសាច់រឿង ឬសម្តីតបតណា ដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងជាដើម។ ផ្នែកនេះ គឺជាផ្នែកនៃការផ្តល់ការសរសេរស៊ីជម្រៅ ក្នុងអត្ថបទទាំងមូលថែមទៀត។

ជាមួយគ្នានេះ លោក ម៉ារ យ៉ារិទ្ធ ក៏បានបញ្ជក់អំពី Lead, Body and Tail មានដូចជា៖

*១៖ Lead ឬតម្រុយ គឺជាការផ្តើមនាំមុខសរសេរនៃទ្រង់ទ្រាយដំបូងរបស់រឿង ឬអាច ជាការចាប់សរសេរផ្តើមនៃដំណឹងដែលតាមរយ: Lead នោះគឺជានឹងសារុបយកសារ: សំខាន់ទាំង អស់នៃសាច់រឿងទាំងមូលតែម្តង។

*២៖ Body ឬរាងកាយនៃអត្ថបទ ជាតួអង្គរាងកាយរបស់រឿង ដែលមិនត្រឹមតែពន្យល់ និងពង្រឹង Lead ឲ្យបានរឹងមាំប៉ុណ្ណោះទេ វាចាំបាច់ត្រូវការរក Background ប្រវត្តិចាស់ដែលទាក់ទងដើម្បីបំភ្លឺ Lead ឲ្យកាន់តែច្បាស់បន្ថែមទៀត។

*៣៖ Tail កន្ទុយ ឬការសន្និដ្ឋានរបស់ Spot News គឺជាផ្នែកបញ្ចប់នៃដំណឹងក្តៅ។

គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕