(ខេត្តបន្ទាយមានជ័យ)៖ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកទេយ្យទានទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២០ក្នុងក្រុងសិរីសោភ័ណ។

ដែលពិធីនេះ រៀបចំតាមពុទ្ធានុញាត នៅបរិវេណវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារគ្រប់ថ្នាក់។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ៕