(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានប្រាប់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានវ័យចាស់វស្សា និងចេះយោគយល់អធ្យាស្រ័យចំពោះអ្នកដែលមានការភ្ញាក់រលឹក ចង់រួមរស់ក្នុងសុខសន្តិភាពពិតប្រាកដ និងអធ្យាស្រ័យឱ្យជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជន។
លោកបណ្ឌិត ថោង ខុន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ នាឱកាសដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋចំនួន ៤៦៨នាក់ នៅភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ នឹងបានប្រាប់ទៅប្រជាពលរដ្ឋដែរថា បើស្រឡាញ់គណបក្សប្រជាជនកម្ពុជា នឹងគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីរក្សាការពារបានសុខសន្តិភាពជាអចិន្ត្រៃយ៍ ជូនប្រទេសជាតិ។
អ្វីដែលមិនភ្លេចលោកបណ្ឌិត ថោង ខុន ក៏បានរំលឹកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យនិងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្ប្រជាជនកម្ពុជា ដែលជាគណបក្ស តែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
លើកឡើងនាឱកាសនោះដែរលោក ហួរ សារ៉ាត់ ដែលជាអតីតសកម្មជននយោបាយគណបក្សភ្លើងទៀន ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ បានលើកឡើងដែរថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍជាច្រើននៅទូទាំងប្រទេស។
លោក ហួរ សារ៉ាត់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការអភិវឌ្ឍប្រទេសជាតិកាន់តែរីចំរើនថែមទៀត នឹងមិនត្រូវជឿលើការឃោសនា និងបង្ករភាពចលាចល តាមរយៈការមិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលតាមបក្សប្រឆាំងនោះឡើយ។
លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
បងប្អូនប្រជាពលរដ្ឋនៅភូមិសៀមរាង ឃុំច្រនាង ក៏បានប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ៕