(ស្វាយរៀង)៖ កម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន៣នាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ដោយសារតែពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូ និងរោទិ៍ម៉ូតូរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវ។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៩៖៤០នាទី ដោយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងរោទិ៍ម៉ូតូ រំខានដល់ប្រជាពលរដ្ឋក្នុងភូមិ លោកបានដឹកនាំកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ឃាត់ខ្លួនបានក្មេងទំនើងម្នាក់យកមកធ្វើការអប់រំ ឲ្យបញ្ឈប់បង្ហោះម៉ូតូ និងដាក់បំពង់ស៊ីមាំងលឺ បង្ករការរំខានដល់ប្រជាពលរដ្ឋទាំងពេលថ្ងៃ និងយប់តទៅទៀត។

លោកអធិការបានបន្តថា ករណីទី២កាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ដែលបង្ហោះម៉ូតូតាមដងផ្លូវបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។
លោកបានបញ្ជាក់ថា ចំពោះករណីទាំងពីរនេះ លោកបានធ្វើការអប់រំនឹងហៅឪពុកម្ដាយមកធ្វើកិច្ចសន្យាអប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទះវិញធ្វើជាក្មេងល្អផងដែរ។

លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានជំរុញដល់ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ត្រូវតាមដានអំពីសកម្មភាពរបស់កូនៗ ឲ្យបានល្អ ពេលទៅសាលារៀន និងនៅផ្ទះ ហើយអប់រំឲ្យធ្វើនៅអំពើល្អ ជាពិសេសត្រូវតាមដានការសិក្សារៀនសូត្រ របស់កូនផងដែរ។

លោកបានបញ្ជាក់ថា សមត្ថកិច្ចក៏បានពន្យល់ណែនាំឲ្យយល់ដឹង និងឲ្យគោរពតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ឲ្យឪពុកម្ដាយ និងក្មេងជំនើងទាំងអស់នោះ បានយល់ដឹងនិងចូលរួមអនុវត្ត ឲ្យមានប្រសិទ្ធភាពទាំងអស់គ្នា៕