(ភ្នំពេញ)៖ ក្នុងខែកក្កដានេះ សាលាប៊ែលធីអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្ស ចាប់ពីថ្នាក់ទី៤ ដល់ទី១២ សរុប ១២,៥៦៩នាក់ នៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗក្នុងរាជធានីភ្នំពេញរួមមាន ៖
- សិស្សថ្នាក់ទី៤ ទី៥ និងទី១០ នៅព្រះបរមរាជវាំង
- សិស្សថ្នាក់ទី៦ និងទី៩ នៅសារមន្ទីរជាតិ
- សិស្សថ្នាក់ទី៧ និងទី១១ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
- សិស្សថ្នាក់ទី៨ និងទី១២ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ។
ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមរបស់សាលាប៊ែលធីអន្តរជាតិ និងមានគោលបំណងឲ្យសិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យ កាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាយុគសម័យដ៏ខ្មៅងងឹត បានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា តាមកន្លែងនីមួយៗមក សាលាក៏បានតម្រូវឱ្យសិស្សានុសិស្ស សរសេររបាយការណ៍ទុកជាឯកសារក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្ស ឱ្យសមស្របទៅនឹងបាវចនារបស់ខ្លួនគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»៕