(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាប្រមាណជាង៣ ០០០នាក់ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំលើកទី៣ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
នាឱកាសនេះមានការចូលរួមពីសំណាក់ លោក ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក លោក លោកស្រី ជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន តាមបណ្តាឃុំទាំង៧ ព្រមទាំងគណបក្សមូលដ្ឋានសាខាបក្ស និងសកម្មជនគណបក្សប្រមាណជាង៣០០០នាក់ រថយន្តប្រមាណជាង ៣០០គ្រឿង ម៉ូតូជាង២,០០០គ្រឿង។
ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ សារនយោបាយរបស់គណបក្ស និងការស្រែក ជ័យឃោស កងរំពង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅតាមដងផ្លូវ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ ក្នុងទឹកមុខសប្បាយរីករាយ ឈរទទួលស្វាគមន៍ គ្រវីទង់ជាតិ និងទង់គណបក្ស ស្រែកហ៊ោកញ្ជ្រៀវ អបអរសាទរ ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ចេតនា រាក់ទាក់និងសោមនស្សក្រៃលែង។
នៅក្នុងពេលដង្ហែក្បួនយុទ្ធនាការឃោសនានេះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាអនាគតរុងរឿងរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន និងការលើកស្ទួយជីវភាពប្រជាជន។ លោកស្រីបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី។ មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ។ ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា បង្កើនជំនួយសង្គម ជួយជនក្រីក្រ និងជនងាយរងគ្រោះអោយមានលំនឹងក្នុងការរស់នៅ និងបានផ្តល់នូវ ប.ស.ស ដល់ កម្មករ និយោជិត និងមន្ត្រីរាជការ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានស្រុកលើកដែកបានធ្វើប្តេជ្ញាចិត្តអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕