(កណ្ដាល)៖ លោកបណ្ឌិត គុណ ញឹម អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងលោកស្រី តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ លើកទី៣ នៅឃុំភូមិធំ ឃុំគគីរ ឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំឈើទាល ដែលមានសមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមសរុបប្រមាណជាង ១ ៥០០ នាក់។
ក្នុងដំណើរដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតលើកទី៣នេះ, លោកបណ្ឌិត និងលោកស្រី បានចុះជួបប្រាស្រ័យផ្ទាល់ជាមួយសមាជិកគណបក្សដល់ខ្នងផ្ទះក្នុងភូមិមួយចំនួននៃឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំឈើទាល ដើម្បីបង្ហាញទីតាំងគណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោតក្នុងលេខរៀងទី១៨, របៀបគូសគាំទ្រលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ, សាកសួរពីឯកសារសម្រាប់ការបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយគណបក្ស និងសមិទ្ធផលជាតិសំខាន់ៗដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក។
នាឱកាសនោះ លោកបណ្ឌិតក៏បានពាំនាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ ជូនដល់សមាជិកគណបក្សផងដែរ។ លោកបណ្ឌិតបានជំរុញសមាជិកគណបក្ស និងអំពាវនាវប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីសមាជិកគណបក្សល្អ និងប្រជាពលរដ្ឋល្អ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សគឺ «សមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក» ហើយជាពិសេសដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿង ក៏ដូចជាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនសម្រាប់ពេលអនាគត។
ដោយឡែក នៅឃុំចំនួន ៣ ផ្សេងទៀតនៃស្រុកកៀនស្វាយ ក៏មានរៀបចំការដង្ហែក្បួនឃោសនាបោះឆ្នោតលើកទី៣ ផងដែរ ក្រោមការដឹកនាំដោយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមីនីមួយៗ សហការជាមួយគណបក្សស្រុកកៀនស្វាយ និងគណបក្សឃុំក្នុងភូមិសាស្រ្តរៀងៗខ្លួន ដែលមានសមាជិកចូលរួមសរុបប្រមាណជាង ១ពាន់នាក់ ផងដែរ៕