(ស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុង​នាមសម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន ​គណបក្ស​ប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជន សមាជិក សមាជិកាបក្សប្រមាណជា​៥០០នាក់ ស្ថិតក្នុងសង្កាត់ប្រាសាទ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​។

ក្នុងឱកាសនោះ​ លោក លី​ ធុជ​ បានគូសបញ្ជាក់ថា​ «សន្លឹកឆ្នោតរបស់យើងម្នាក់​មានតម្លៃណាស់​ ហើយសន្តិភាពត្រូវការសន្លឹកឆ្នោតទាំងនោះពីយើង​ សូមឲ្យយើងទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ដើម្បីសន្តិភាព។ ភូមិកម្ពុជា​ត្រូវការស្តាប់នូវសម្លេងសន្លឹកឆ្នោតពីបងប្អូនប្រជាពលរដ្ឋ​ នាថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដែលជាថ្ងៃបោះឆ្នោត​នឹងមកដល់ក្នុងពេលឆាប់ៗនេះ»

លោក លី​ ធុជ​ បានបន្តទៀតថា «យើងបោះឆ្នោតជូនសន្តិភាព​ យើង​ពិតជាបានគិតអំពីខ្លួនឯង ដើម្បីខ្លួនឯង គ្រួសារយើង​ និងសង្គមជាតិរបស់យើងទាំងមូល។ ក្មួយៗកម្មករ​ កម្មការិនី​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ត្រូវការសន្លឹកឆ្នោតគាំទ្រពីយើង ដើម្បីការងារ​ សាលារៀន​ ជីវភាពរស់នៅ​ និងអនាគតភ្លឺស្វាងរបស់ពួកគាត់»

លោកថា «កង់សន្តិភាពរបស់យើង បានវិលទៅមុខជានិច្ច​ មិនអាចបញ្ឈប់បានទេ​ សូមឲ្យថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​ យើងទាំងអស់គ្នា​ ត្រូវបញ្ចេញសិទ្ធិ​ និងអំណាចដើម្បីជាតិមាតុភូមិ​ និងជនរួមជាតិរបស់យើង។ បើយើងមិនទៅបោះឆ្នោតវិញនោះ​ មានន័យថា​យើងចង់ ឲ្យដំណើរនៃកង់សន្តិភាពឈប់វិល​ និងដួលរលំ។

លោក លី​ ធុជ​ បានបញ្ជាក់​ទៀត​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បង្កើតនូវសុខសន្តិភាពពេញលេញ​ជូន​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ មក​យ៉ាង​លំបាក​ ដូចនេះយើងទាំងអស់​មិនត្រូវ​ជនណាម្នាក់មកបំផ្លាញសន្តិភាពនោះទេ។

ជាមួយ​គ្នានេះ​ លោក លី​ ធុជ​ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បោះឆ្នោតសម្តេចតេជោ​ និងគណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូច​ជាគាំទ្រ លោក ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្រ្តីសម្រាប់ពេល​អនាគត​ ដើម្បី​បន្ត​ថែរក្សាសន្តិភាព​ និងការ​អភិវឌ្ឍន៍​ឲ្យ​កាន់​តែរីកចម្រើន៕