(ភ្នំពេញ)៖ ក្នុងសង្គមសេរី បើនិយាយអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាពលរដ្ឋគ្រប់ៗ រូបត្រូវចេញទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្ដង នឹងខិតជិតមកដល់នៅថ្ងៃទី២៣ កក្ដដា ឆ្នាំ២០២៣ខាងមុខនេះ ដោយស្រុកទេសមានសន្ដិភាព និងរីកចម្រើននេះ គឺពិតជាឆ្លុះបញ្ចាំងអំពីឆន្ទ:របស់ខ្លួនយ៉ាងសំខាន់បំផុត។
តើប្រជាពលរដ្ឋទៅបោះឆ្នោត បានឆ្លុះបញ្ចាំងអំពីឆន្ទ:របស់ខ្លួនយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងសង្គមសេរី បើនិយាយអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅលើពិភពលោកយើងនេះ មានប្រព័ន្ធបោះឆ្នោតខុសៗគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការបោះឆ្នោត ហៅថា «ទ្រឹស្តីប្រជាប្រិយ» ដែលប្រជាជនត្រូវផឹកទឹកហូរចេញពីប្រភពប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសរបស់ខ្លួន ដោយគិតទៅលើសមត្ថភាពដឹកនាំ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា ការបេ្តជ្ញាចិត្តបម្រើសុខមាលភាពរបស់ប្រជាជន និងការខិតខំកសាងប្រទេសជាតិយ៉ាងពិតប្រាកដ។
ដូច្នេះចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសរបស់ខ្លួននៅពេលខាងមុខនេះ ក៏មិនខុសពីបណ្ដាប្រជាជាតិនានាលើពិភពលោកដែរ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ខ្លួនដូចខាងក្រោម៖
ទី១៖ ផ្តល់សញ្ញាវិជ្ជមានជាសាធារណៈ យើងទៅបោះឆ្នោតធ្វើឲ្យអារម្មណ៍យើងមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅដែលមានទស្សនដូចគ្នា និងផ្តល់សញ្ញាវិជ្ជមានជាសាធារណៈអំពីភាពស្មោះត្រង់ ក្នុងការយកចិត្ដទុកដាក់ដល់អ្នកជិតខាងរបស់យើង តំបន់របស់យើង និងសង្គមរបស់យើងយ៉ាងប្រពៃថ្លៃថ្លា។
ទី២៖ លើកស្ទួយវប្បធម៌ប្រជាប្រជាធិបតេយ្យ យើងទៅបោះឆ្នោតជាការផ្ដល់សញ្ញា ថាយើងជាពលរដ្ឋមានវប្បធម៌ប្រជាធិបតេយ្យ ព្រោះជាឱកាសដ៏មានឥទ្ធិពលមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើង ដើម្បីចូលរួមចំណែកគាំទ្រ លើកទឹកចិត្ដដល់ឥស្សរជនឆ្នើម ដែលមានគុណបំណាច់ឧត្ដមគតិ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនពិតប្រាកដ។
ទី៣៖ ផ្ដល់តម្លៃឲ្យខ្លួនឯង យើងទៅបោះឆ្នោតជាការផ្ដល់តម្លៃឲ្យខ្លួនឯងយ៉ាងខ្លាំង ព្រោះជាការអនុវត្ដនៃស្មារតីរដ្ឋធម្មនុញ្ញស្ដីអំពីសិទ្ធិបញ្ចេញមតិរបស់បុគ្គល ជាសិទ្ធិដ៏មានតម្លៃបំផុត ដែលមាននៅក្នុងវប្បធម៌ខ្មែរតាំងពីដើមរៀងមក។
ដូច្នេះចំពោះប្រពលរដ្ឋខ្មែរចេញទៅបោះឆ្នោត គឺពិតជាមានសារ:សំខាន់ដល់ជាតិ និងដល់ខ្លួនឯង ដែលឆ្លុះបញ្ចាំងនិងផ្ដល់តម្លៃដល់ខ្លួនឯងថា គឺជាពលរដ្ឋដែលចង់រស់នៅក្នុងសង្គមប្រជាធិបតេយ្យ ចង់ឲ្យស្រុកទេសមានសុខសាន្ដត្រាណ និងការអភិវឌ្ឍ៕