(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក-សមាជិកាគណបក្សខេត្តព្រះសីហនុ ជិត៧ពាន់នាក់ ហែក្បួនឃោសនារកសំឡេងឆ្នោត លើកទី៣។
នៅក្នុងក្បែដង្ហែរបស់សមាជិក-សមាជិកាគណបក្សប្រជាជនខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក សាយ សំអាល់ គឺមានភាពអធឹកអធម៌ជាមួយការភ្ជាប់ទៅនឹងទិសស្លោក និងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅលើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប បានផ្តល់រយៈពេល ៣សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដល់គ្រប់បណ្តាគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងទី២៣ ខែកក្កដា ឆ្នាំ២០២៣។ អាសនៈក្នុងរដ្ឋសភាមានចំនួន ១២៥អាសនៈ តំណាងឱ្យមណ្ឌលទាំង ២៥ទូទាំងប្រទេសដែលបានដាក់ឱ្យគ្រប់បណ្តាគណបក្សប្រកួតប្រជែងគ្នា។
គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩,៨០៧នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន៣២៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន៖ គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕